ខេត្តព្រៃវែង ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤៨០នាក់ មកពីគណបក្សនានា ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង, លោក យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី~ខេត្ត និង លោក ភឺន ផល្លា សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី~ខេត្ត។
ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកថ្មីនាពេលនេះ គឺជាការបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំលើគោលនយោបាយ និងសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងក្នុងពិធីនេះផងដែរ លោកភឺន ផល្លា បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ជាពិសេសបងប្អូនដែលទើបនឹងសម្រេចចិត្តចូលរួមជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់គ្នា ដែលបានជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងផ្តល់សេចក្តីទុកចិត្តចំពោះសម្តេចប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានបន្ថែមថា ការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហើយក៏ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមម្លប់នៃសន្តិភាព។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ភឺន ផល្លា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារនៃក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ដែលបានអនុវត្តយ៉ាងសកម្មក្នុងការកសាង និងពង្រីកសមាជិក-សមាជិកាថ្មី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរ និងបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។
តំណាងសមាជិកថ្មីទាំង ៤៨០នាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងរួមសាមគ្គីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមថែរក្សាសន្តិភាព និងបន្តកៀរគរការគាំទ្របន្ថែមទៀតដើម្បីអភិវឌ្ឍមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព ឆ្លុះបញ្ចាំងពីការប្រមូលផ្តុំកម្លាំងជាតិដើម្បីអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង៕
ដោយ ៖ សិលា










