អេបូឡាកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅប្រទេសកុងហ្គោ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៃទ្វិបអាហ្រ្វិកកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាកិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើនឡើងដើម្បីគ្រប់គ្រងវីរុសនេះក៏ដោយ។

មន្រ្តីជាន់ខ្ពស់ WHO ទទួលបន្ទុកភាពអាសន្ននៅទ្វីបអាហ្រ្វិក លោកស្រី Marie-Roseline Belizaire បាននិយាយថា ការឆ្លងរាលដាលអេបូឡានៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ ហើយកំពុងបន្តវិវត្តយ៉ាងឆាប់រហ័សបំផុត ប៉ុន្តែទន្ទឹមគ្នានេះលោកស្រីក៏បានកត់សម្គាល់ឃើញថា កិច្ចប្រឹងប្រែងឆ្លើយតបកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ការផ្ទុះករណីឆ្លងរាតត្បាតជំងឺអេបូឡានៅប្រទេសកុងហ្គោ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុសគឺហាក់បានចាប់ផ្តើមដោយមិនបានដឹង មួយរយៈមកហើយ មុនពេលនោះ។ វាបង្កឡើងដោយវីរុសអេបូឡាប្រភេទកម្រហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំងការពារ និងវិធីព្យាបាលជាក់លាក់នៅឡើយ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ WHO មកទល់ពេលនេះ មានករណីដែលផ្ទៀងផ្ទាត់ច្បាស់សរុប៨៩៦ករណី រកឃើញនៅកុងហ្គោ ក្នុងនោះរាប់បញ្ចូលទាំងករណីស្លាប់២៣២ករណី ហើយរយៈពេល២៤ម៉ោងចុងក្រោយ គឺមានករណីថ្មី២៤ករណី។ ជាង៩០ភាគរយ នៃករណីដែលរកឃើញនៅកុងហ្គោ គឺស្ថិតក្នុងខេត្ត Ituri ដែលញាំញីដោយជម្លោះ ប៉ុន្តែវីរុសក៏បានឆ្លងរាលដាលដល់ខេត្ត Kivu ខាងជើង និងខេត្ត Kivu ខាងត្បូងផងដែរ៕ ដោយធីរីណា

...

រូប​ថត​: HTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print