ខេត្តកំពង់ធំ៖ កម្លាំងនគរបាលនៃអធិការរដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានក្របួចក ក្មេងស្ទាវ៤ នាក់ ដែលគប់កញ្ចក់រថយន្តធ្វើដំណើររបស់ប្រជាពលរដ្ឋនៅផ្លូវវៀងក្រុងស្ទឹងសែន។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយពីមានការបង្ហោះជាសារវីដេអូតាមបណ្តាញសង្គមថា «សួស្ដីបងៗមេៗដែលរត់ ឡានពេលយប់កាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចផ្លូវវាង ក្រុងចំណុចស្ពានវែងមានក្មេងស្ទាវចាំគប់កញ្ចក់ សូមឲ្យមានការប្រុងប្រយ័ត្ន» និងទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តម្នាក់ផ្សេងទៀតតាមរយៈទូរសព្ទភ្លាមៗ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវជាបន្ទាន់។
លោកបន្តថា ការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២០ ខែឆ្នាំដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ មាន ឈ្មោះដូចខាងក្រោម៖
*១- ឈ្មោះ វឿង ឈាងអ៉ី ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរសិស្ស។
*២- ឈ្មោះ រិទ្ធិ បូរ៉ែន ហៅក្រៅ ចយ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរមិនពិតប្រាកដ។
*៣- ឈ្មោះ ធី រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងឡាន។
*៤- ឈ្មោះ សឿង ចាន់ដារ៉ា ហៅក្រៅ វឹង ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរជាងក្រឡឹង (ធ្លាប់ជាប់ពន្ធនាគារ)។
លោកបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី។
គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២០៖១០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ6A ផ្លូវវៀងក្រុង ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានករណីគប់កញ្ចក់រថយន្តដឹកទំនិញធុនធំចំនួនពីរគ្រឿង បណ្ដាលឲ្យបែកកញ្ចក់ធំខាងមុខទាំងពីរគ្រឿង៕










