កូនប្រុសខឹងឪពុកស្ដីបន្ទោសរឿងផឹកស្រា ទប់កំហឹងមិនជាប់ទាញចានសាច់ក្លែមគប់រងរបួសដៃធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុក ខណៈ​ដែល​កូនប្រុស​រូប​នោះ​ខឹង​លោកឪពុក​ស្តីបន្ទោស​រឿង​ផឹកស្រា​ជា​ប្រចាំ​ទប់​កំហឹង​មិន​ជាប់ ទាញ​ចាន​សាច់​ក្លែម​គប់​ទៅ​លើ​ឪពុក​បណ្ដាលឱ្យរង​របួស​តែ​ម្តង ។

នគរបាល ស្រុក​ភ្នំស្រួច បាន​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​កូន (​ករណី​ហិ​ង្សា​ក្នុង​គ្រួសារ កូនប្រុស​បង្កើត​យក​ចាន​គប់​ឪពុក​) នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​២០ខែមិថុនា ឆ្នាំ​២០២៦ឈ្មោះ គង់ ចាន់​ណ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​បន្ទាយ​រកា ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ដី​វ៉ា​យ ទៅ​លើ​ឈ្មោះ ណ​ន សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ត្រូវ ជាកូនបង្កើត ។

បុរស​រង​គ្រោះ ជា​ឪពុក​បាន​ប្រាប់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៩ ខែ មិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ​ឈ្មោះ ណ​ន សុភា (​ជា​កូន​) កំពុង​អង្គុយ​ផឹកស្រា​ថ្នាំ​នៅ​មុខ​ផ្ទះ​ម្នាក់ឯង រហូត​ដល់​វេលា​ម៉ោង​៩​យប់ ឪពុក​បាន​ស្ដីឱ្យ​ថា (​ផឹក​តែ​ស្រា​ស្រវឹង​រាល់​តែ​ថ្ងៃ​)។ ដោយ​អំណាច​ទឹក​ប្តូរ​និស្ស័យ​ចូល​ក្នុង​ខ្លួន ឪពុក និង​កូន​ក៏​បាន​ទាស់​ពាក្យ​សម្ដី គ្នា បន្ទាប់​មក​ឈ្មោះ ណ​ន សុភា (​ជា​កូន​) បាន​យក​ស្បែកជើង​គប់​ទៅ​លើ​ឪពុក ប៉ុន្តែ​មិន​ត្រូវ ពេល​នោះ​ឪពុក​បាន​យក​កូន​ពូថៅ​គប់​ទៅ​លើ​កូន​វិញ ប៉ុន្តែ​មិន​ត្រូវ​ដូច​គ្នា ។

 ដោយសារ​តែ​កំ​ហឹ​ង​ក្នុង​ខ្លួន ទប់​លែង​ជាប់ បុរស​ជា​កូន បាន​ស្ទុះ​ទៅ​យក​ចាន​សម្លរ​(​ចានថ្ម​) ដែល​ខ្លួន​ដាក់​សាច់​ក្លែម គប់​ទៅ​លើ​ឪពុក​របស់​ខ្លួន​ចំ​ដៃ​ខាងស្ដាំ​បណ្ដាល​ឱ្យ​រង​របួស​(​ធ្ងន់ធ្ងរ​) ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឪពុក​រួច​មក សមត្ថកិច្ច​នគរបាល​បាន​ហៅ​ឈ្មោះ ណ​ន សុភា (​ជា​កូន​) មក​សាកសួរ។ កូនប្រុស​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ខាងលើ​របស់​លោក ឪពុក​បង្កើត​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​រូបគេ​យក​ចាន​សាច់​ក្លែម​គប់​ទៅ​លើ​ឪពុក​បែប​នេះ ក៏​ព្រោះតែ​ខឹង​ឪពុក​ស្ដីបន្ទោស​ឱ្យ​ខ្លួន​រឿង​ផឹកស្រា ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ថែម​ថា  កន្លង​មក​ជន សង្ស័យ​ដៃដល់​ជា​កូន​ខាងលើ​ធ្លាប់​រករឿង​លោកឪពុក អ្នក​ម្ដាយ​របស់​ខ្លួន​ជា​ញឹកញាប់ ប៉ុន្តែ​មិន​បាន​ប្រើ​អំពើ​

ហិ​ង្សា​នោះ​ទេ និង​ធ្លាប់​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​អស់​មួយ​ចំនួន​ថែម​ទៀត​ផង ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​កូន យក​ចាន​គប់​លើ​ឪពុក​បង្កើត​ខ្លួនឯង នគរបាល​ស្រុក​បាន​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print