អាត្លង់តា — ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានស៊ុតបញ្ចូលទីត្រឹមនាទីទី១០ ក្នុងការចូលលេងជាជម្រើសដំបូងលើកដំបូងនៅ FIFA World Cup ជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអារ៉ាប៊ីសាអូឌីត ៤-០ និងទទួលបានជ័យជម្នះដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២៦។
បន្ទាប់ពីត្រឹមស្មើ ០-០ ជាមួយកាបវែរ៉េដក្នុងការប្រកួតបើកឆាក ក្រុមជើងឯកពិភពលោកឆ្នាំ ២០១០ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយYamalបើកការស៊ុតបញ្ចូលទីក្រោយទទួលបាល់ពី Mikel Oyarzabal នៅបង្គោលឆ្ងាយ។
គ្រាប់បាល់នេះធ្វើឱ្យYamalក្លាយជាកីឡាករទី២ ក្នុងប្រវត្តិសាស្ត្រ World Cup ដែលមានអាយុ ១៨ ឆ្នាំ ឬតិចជាងនេះ អាចស៊ុតគ្រាប់បើកឆាកក្នុងការប្រកួតមួយ បន្ទាប់ពី Pelé កាលពីឆ្នាំ ១៩៥៨។
អេស្ប៉ាញបន្តដាក់សម្ពាធយ៉ាងខ្លាំង ហើយ Oyarzabal រកបានពីរគ្រាប់បន្ថែមនៅនាទីទី២៥ និងទី២៨ ធ្វើឱ្យក្រុមនាំមុខ ៣-០ មុនចប់តង់ទីមួយ។ ខ្សែប្រយុទ្ធរបស់ក្លិប Real Sociedad ក៏ស្ទើរតែធ្វើបានហ៊ែតទ្រីកផងដែរ ប៉ុន្តែការស៊ុតរបស់គេបានទៅប៉ះរបារទី។
ចូលដល់តង់ទី២ អេស្ប៉ាញនៅតែគ្រប់គ្រងការប្រកួតទាំងស្រុង ហើយរកបានគ្រាប់ទី៤ នៅនាទីទី៤៩ បន្ទាប់ពីបាល់សង្គ្រោះរបស់អ្នកចាំទី Mohammad Al-Owais ទៅប៉ះខ្សែការពារ Hassan Al Tambakti ចូលទីខ្លួនឯង។
ទោះបីអេស្ប៉ាញបន្ថយសម្ពាធនៅចុងការប្រកួតក៏ដោយ ក្រុមអារ៉ាប៊ីសាអូឌីតអាចបង្កើតឱកាសស៊ុតចំគោលដៅបានតែម្ដងប៉ុណ្ណោះ តាមរយៈ Abdullah Al Hamdan ខណៈគ្រាប់បាល់របស់ Ferran Torres ត្រូវបាន VAR ច្រានចោលដោយសារស្ថិតក្នុងជំហរអកហ្សាយ។
លោក Luis de la Fuente បានសម្រេចចិត្តដាក់Yamalជាជម្រើសដំបូង បន្ទាប់ពីការលេងយ៉ាងល្អក្នុងនាមកីឡាករបម្រុងជាមួយកាបវែរ៉េដ ហើយកីឡាករវ័យ ១៨ ឆ្នាំរូបនេះក៏បានឆ្លើយតបដោយទម្រង់លេងដ៏លេចធ្លោ។
ជ័យជម្នះនេះធ្វើឱ្យអេស្ប៉ាញឡើងឈរកំពូលតារាងពូល H មាន ៤ ពិន្ទុពីរប្រកួត ខណៈអារ៉ាប៊ីសាអូឌីតត្រូវការលទ្ធផលល្អក្នុងការប្រកួតចុងក្រោយជាមួយកាបវែរ៉េដ ដើម្បីរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ទាប់។
ការប្រកួតបន្ទាប់ អេស្ប៉ាញនឹងជួបអ៊ុយរូហ្គាយ នៅទីក្រុង Guadalajara ខណៈអារ៉ាប៊ីសាអូឌីតត្រូវប្រកួតជាមួយកាបវែរ៉េដ នៅទីក្រុង Houston នាថ្ងៃទី២៧ ខែមិថុនា៕










