ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានបន្តធ្វើការបណ្ដេញជនជាតិចិន ៣១៩នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសកំណើតវិញ។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ ការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ ស្រី១៣នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះចំនួន១៦៦ នាក់ ស្រី០៩នាក់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ស្រី០៤នាក់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ដោយ៖តារា










