ភ្នំពេញ៖ លោក ឃួង ស្រេង បានប្រាប់អាជ្ញាធរខណ្ឌទាំង១៤ឱ្យសហការ ជាមួយពលរដ្ឋឱ្យពួកគាតផ្ដល់ព័ត៍មាន ដើម្បីឈានទៅសម្អាតបង្ក្រាបបទល្មើសOnline Scamsឆាប់អស់នៅមូលដ្ឋានខ្លួន ពិសេស ត្រូវចេះចលនាចូលរួមរបស់ប្រជាពល រដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹង ដើម្បីចាត់វិធានការបង្រ្កាបភ្លាមៗផងដែរ ។
លោក ឃួង ស្រេង បានណែនាំបែបនេះ ខណៈឯកឧត្ដម កោះប្រជុំជាបន្ទាន់រឿងការងារបង្ក្រាបបទល្មើស Online Scams ជាមួយឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជ ធានី អភិបាលខណ្ឌទាំង១៤ មន្ដ្រីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល ជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តអនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ ជាមួយគ្នានេះរដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពល រដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណី ប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។ ឯកឧត្តមអភិបាលក៏បានបន្តទៀតថា ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថា បោសសម្អាត ករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕ ដោយ៖ សំរិត









