ខ្សែប្រយុទ្ធ គីលៀន អំបាបេ (Kylian Mbappé) រកបាន ២ គ្រាប់ ជួយក្រុមជម្រើសជាតិបារាំងយកឈ្នះអ៊ីរ៉ាក់ ៣-០ ក្នុងការប្រកួត World Cup 2026 ដែលត្រូវផ្អាកជាង ២ ម៉ោងដោយសារអាកាសធាតុអាក្រក់ និងរន្ទះនៅទីក្រុង Philadelphia។
ជ័យជម្នះនេះបានធ្វើឱ្យអំបាបេឡើងមកឈរចំណាត់ថ្នាក់រួមលេខ ២ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយមាន ១៦ គ្រាប់ពី ១៦ ប្រកួត ស្មើនឹងកំណត់ត្រារបស់ មីរ៉ូស្លាវ ក្លូសេ (Miroslav Klose) និងនៅពីក្រោយតែ លីអូនែល មេស៊ី (Lionel Messi) ដែលទើបបំបែកកំណត់ត្រាឡើងដល់ ១៨ គ្រាប់ប៉ុណ្ណោះ។
ការប្រកួតនេះក្លាយជាការប្រកួតដំបូងនៅ World Cup 2026 ដែលត្រូវផ្អាកដោយសារអាកាសធាតុធ្ងន់ធ្ងរ ខណៈតង់ទីពីរចាប់ផ្តើមយឺតជាង ២ ម៉ោង បន្ទាប់ពីមានការព្រមានអំពីរន្ទះនៅតំបន់ជុំវិញកីឡដ្ឋាន។
បារាំងចាប់ផ្តើមបានយ៉ាងល្អ និងបើកការនាំមុខនៅនាទីទី១៤ ពេលអំបាបេស៊ុតជើងឆ្វេងពីក្រៅតំបន់គ្រោះថ្នាក់ បញ្ចូលទីយ៉ាងស្អាតទៅជ្រុងឆ្ងាយ។
ទោះបីជាយ៉ាងណា ក្រុមជើងឯកពិភពលោកឆ្នាំ ២០១៨ មិនអាចបង្កើតឱកាសគ្រោះថ្នាក់ច្រើនបន្ថែមទៀតនៅតង់ទីមួយ ខណៈអ៊ីរ៉ាក់ទទួលបានការគ្រប់គ្រងបាល់ល្អជាងមុន បើទោះបីជាបាត់បង់ប្រធានក្រុម និងខ្សែប្រយុទ្ធ Aymen Hussein ដោយសាររបួសក៏ដោយ។
ក្រោយការផ្អាកដ៏យូរ បារាំងបានត្រឡប់មកវិញដោយកម្លាំងថ្មី និងទទួលបានគ្រាប់ទីពីរពីកំហុសរបស់អ្នកចាំទីអ៊ីរ៉ាក់ Ahmed Basil ដែលគ្រប់គ្រងបាល់មិនបានល្អ។ អ៊ូស្មាន ដំបេលេ (Ousmane Dembélé) បានបញ្ជូនបាល់ឱ្យអំបាបេបញ្ចប់ទីយ៉ាងងាយស្រួល។
បារាំងបន្តដាក់សម្ពាធ និងរកបានគ្រាប់ទី៣នៅនាទីចុងក្រោយនៃការប្រកួត ពេលដំបេលេស៊ុតបាល់ចូលជ្រុងក្រោម បន្ទាប់ពីទទួលបានការបញ្ជូនបាល់យ៉ាងអស្ចារ្យពី មីកែល អូលីសេ (Michael Olise)។ គ្រាប់បាល់នេះក៏ជាគ្រាប់ដំបូងរបស់ដំបេលេក្នុងការប្រកួតធំៗជាមួយក្រុមជម្រើសជាតិបារាំងផងដែរ។
អ៊ីរ៉ាក់មានឱកាសល្អពីរលើកនៅ ២០ នាទីចុងក្រោយ ប៉ុន្តែ Rebin Sulaka និង Ali Al Hamadi មិនអាចបញ្ចប់ទីបានសម្រេច។
នៅចុងការប្រកួត អំបាបេមានឱកាសធ្វើ Hat-trick ប៉ុន្តែការស៊ុតជើងឆ្វេងរបស់គេបានហោះខ្ពស់ផុតគោលដៅ។
ជាមួយនឹងជ័យជម្នះនេះ បារាំងដែលកំពុងស្វែងរកការឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី៣ជាប់ៗគ្នា បានឈរកំពូលពូល I ដោយមាន ៦ ពិន្ទុពេញពី ២ ប្រកួត ខណៈអ៊ីរ៉ាក់ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុរាប់៕










