មេដឹកនាំកូរ៉េខាងជើងបានសន្យាថានឹងពន្លឿនការអភិវឌ្ឍកងកម្លាំងយោធារបស់លោក ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តីមេដឹកនាំរូបនេះនៅថ្ងៃទី 23 ខែមិថុនាថា “លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីនូវជំហរគោលនយោបាយដ៏រឹងមាំរបស់លោកលើការពន្លឿនការពង្រឹងសមត្ថភាពការពារជាតិ”។
KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន បន្ថែមទៀតថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងជំរុញឱ្យទីក្រុងសេអ៊ូលទិញនាវាមុជទឹកនុយក្លេអ៊ែរ ហើយកំពុងចាត់វិធានការកាន់តែបើកចំហដើម្បីពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ពួកគេនៅក្នុងតំបន់។
ដោយសារតែការវិវត្តទាំងនេះ លោក គីម បានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់កូរ៉េខាងជើងក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីក និងបង្កើនសមត្ថភាពទប់ស្កាត់របស់ខ្លួនបន្ថែមទៀត “សម្រាប់ការពារខ្លួន”។
ទាក់ទងនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន KCNA បានរាយការណ៍ថា កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េខាងជើងបានទទួលស្គាល់ជាឯកច្ឆ័ន្ទនូវស្ថានភាពនុយក្លេអ៊ែររបស់ប្រទេសនេះថាជា “មធ្យោបាយត្រឹមត្រូវ និងតែមួយគត់ដើម្បីដោះស្រាយដោយសកម្ម និងជឿជាក់ជាមួយនឹងស្ថានភាពយោធា និងនយោបាយអន្តរជាតិដែលមិនអាចទាយទុកជាមុនបាន”។
លោកស្រី Kim Yo-jong ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃគណបក្សពលករកូរ៉េខាងជើង និងជាប្អូនស្រីរបស់លោក Kim Jong-un ធ្លាប់បានប្រកាសថា ឋានៈរបស់ប្រទេសនេះជាមហាអំណាចនុយក្លេអ៊ែរគឺ «មិនអាចចរចាបាន»៕

រូបថត:KCNA










