ខ្សែប្រយុទ្ធ អឺលីង ហាឡាន់ (Erling Haaland) រកបាន ២ គ្រាប់ ជួយក្រុមជម្រើសជាតិន័រវែសយកឈ្នះសេណេហ្គាល់ ៣-២ នៅរដ្ឋ New Jersey និងកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026។
បន្ទាប់ពីលេងបានត្រឹម ២ ប្រកួតនៅក្នុងការប្រកួតជើងឯកពិភពលោកលើកនេះ ហាឡាន់រកបានសរុប ៤ គ្រាប់ ដែលជាចំនួនច្រើនជាងកីឡាករន័រវែសរូបណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ World Cup។
ន័រវែសបានបើកការនាំមុខនៅចុងតង់ទី១ តាមរយៈខ្សែការពារ Marcus Pedersen ដែលទើបប្តូរចូលទីលាន បន្ទាប់ពីឆក់ឱកាសពីការបោសបាល់មិនល្អរបស់ប្រធានក្រុមសេណេហ្គាល់ Kalidou Koulibaly។
ចូលដល់តង់ទី២ ហាឡាន់បានបង្ហាញភាពគ្រោះថ្នាក់របស់ខ្លួនភ្លាមៗ ដោយស៊ុតគ្រាប់ទី២នៅនាទីទី៤៨ ក្រោយទទួលបានបាល់បញ្ជូនយ៉ាងល្អពីប្រធានក្រុម Martin Ødegaard។ គ្រាប់បាល់នេះក៏ធ្វើឱ្យរូបគេក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ន័រវែសក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ។
សេណេហ្គាល់បានវាយបកមួយគ្រាប់វិញតាមរយៈ Ismaila Sarr ដែលផ្តល់ក្តីសង្ឃឹមដល់ក្រុមអាហ្វ្រិកមួយនេះ ប៉ុន្តែត្រឹម ៥ នាទីក្រោយមក ហាឡាន់បានបន្ថែមគ្រាប់ទី៣ឱ្យន័រវែស ដោយស៊ុតបាល់ Volley យ៉ាងអស្ចារ្យប៉ះរបារទីមុនចូលសំណាញ់។
គ្រាប់បាល់នេះបានបន្តកំណត់ត្រាដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Manchester City រូបនេះ ដែលរកគ្រាប់បាល់បានក្នុងការប្រកួតផ្លូវការជាប់ៗគ្នា ១២ ប្រកួតសម្រាប់ក្រុមជម្រើសជាតិ ហើយរកបានយ៉ាងហោចណាស់ ២ គ្រាប់ក្នុង ៦ ប្រកួតចុងក្រោយ។
នៅម៉ោងបន្ថែម Ismaila Sarr បានរកគ្រាប់ទី២សម្រាប់សេណេហ្គាល់ និងធ្វើឱ្យការប្រកួតកាន់តែតានតឹង។
ខ្សែប្រយុទ្ធរបស់ Crystal Palace រូបនេះក៏មានឱកាសតាមស្មើនៅវិនាទីចុងក្រោយផងដែរ ប៉ុន្តែការតែតបាល់របស់គេបានហោះផុតរបារទី។
ទោះបីជាយ៉ាងណា ក្រុមរបស់គ្រូបង្វឹក Ståle Solbakken បានគ្រប់គ្រងការប្រកួតបានល្អជាង និងរក្សាលទ្ធផលឈ្នះ ៣-២ រហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះធ្វើឱ្យន័រវែសឈ្នះ ២ ប្រកួតជាប់គ្នា និងឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ ជាមួយក្រុមបារាំង ពីពូល I ខណៈសេណេហ្គាល់ត្រូវការឈ្នះអ៊ីរ៉ាក់ក្នុងប្រកួតចុងក្រោយ ប្រសិនបើចង់រក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ត៕










