ខេត្តកំពង់ស្ពឺ ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតប្រភពធនធានទឹកធម្មជាតិដ៏មានសារៈសំខាន់មួយទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយធ្វើការសាងសង់ទំនប់អាងស្ដុកទឹកស្ទឹងឃ្លៀច នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ដើម្បីរក្សាទឹកទុក ព្រមទាំងជួយបង្កើនបរិមាណស្ដុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង ក៏ដូចជាជួយកាត់បន្ថយជំនន់នៅក្នុងអាងស្ទឹងព្រែកត្នោត។
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងមានចំងាយប្រមាណ ៨២គីឡូម៉ែត្រពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨។ គិតត្រឹមពាក់កណ្តាល ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២០%។
នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក ដើម្បីបម្រើឱ្យការងារស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា។
ទន្ទឹមនឹងនេះ គម្រោងនេះក៏នឹងចូលរួមចំណែកយ៉ាងសកម្មផ្តល់ទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងជួយកាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត គ្របដណ្តប់ក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពល ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវៈចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីនៅក្នុងតំបន់ឱ្យកាន់តែសម្បូរបែបផងដែរ៕
ដោយ ៖ សិលា










