នៅថ្ងៃដែលកំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi ឈានចូលវ័យ 39 ឆ្នាំ ការប្រកួត FIFA World Cup 2026 កំពុងបង្ហាញថា ទាំង Messi និង Cristiano Ronaldo នៅតែអាចបន្តបង្កើតប្រវត្តិសាស្ត្រថ្មីៗ ទោះបីស្ថិតនៅចុងបញ្ចប់នៃអាជីពជម្រើសជាតិរបស់ពួកគេក៏ដោយ។
មនុស្សជាច្រើនជឿថា នេះអាចជាការចូលរួម World Cup លើកចុងក្រោយរបស់កំពូលតារាទាំងពីរ ប៉ុន្តែការសម្តែងរបស់ពួកគេនៅសហរដ្ឋអាមេរិក បានបង្ហាញថា អាយុមិនមែនជាឧបសគ្គសម្រាប់ភាពអស្ចារ្យឡើយ។
Messi ក្លាយជាស្តេចគ្រាប់បាល់ World Cup
Messi បានស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងជ័យជម្នះរបស់អាហ្សង់ទីនលើអូទ្រីស ដោយបង្កើនចំនួនគ្រាប់បាល់របស់ខ្លួននៅ World Cup ដល់ 18 គ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួត។
កំណត់ត្រានេះធ្វើឱ្យរូបគេវ៉ាដាច់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ដែលធ្លាប់កាន់កាប់កំណត់ត្រា 16 គ្រាប់។
បន្ទាប់ពីស៊ុត Hat-trick ទល់នឹងអាល់ហ្សេរី និងបន្ថែម 2 គ្រាប់ទៀតទល់នឹងអូទ្រីស Messi មាន 5 គ្រាប់រួចហើយក្នុង World Cup ឆ្នាំនេះ។
Ronaldo ឆ្លើយតបការរិះគន់ដោយកំណត់ត្រាថ្មី
មួយថ្ងៃក្រោយមក Ronaldo ក៏បានបង្ហាញភាពអស្ចារ្យមិនចាញ់គ្នា ដោយស៊ុត 2 គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះអ៊ូសបេគីស្ថាន 5-0។
គ្រាប់បាល់ទាំងនេះធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទីបានក្នុង World Cup ចំនួន 6 លើកផ្សេងគ្នា គឺឆ្នាំ 2006, 2010, 2014, 2018, 2022 និង 2026។
មុនការប្រកួតនេះ Ronaldo បានរងការរិះគន់យ៉ាងខ្លាំង ក្រោយស្មើ 1-1 ជាមួយកុងហ្គោ និងមានពាក្យចចាមអារ៉ាមអំពីបញ្ហាទំនាក់ទំនងក្នុងក្រុម។
ក្រោយស៊ុតបញ្ចូលទីបាន Ronaldo បានស្រែកថា៖
“I’m back, I’m back” (ខ្ញុំត្រលប់មកវិញហើយ)
សារនេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបដោយផ្ទាល់ទៅកាន់អ្នករិះគន់ទាំងឡាយ។
ការប្រកួតប្រជែងរវាង Messi និង Ronaldo នៅតែបន្ត
នៅពេលត្រូវបានសួរអំពី Messi ដែលរកបាន 5 គ្រាប់ក្នុងពីរប្រកួតដំបូង Ronaldo បានឆ្លើយថា៖
«ខ្ញុំមិនខ្វល់ពីអ្នកដទៃទេ។ Messi ស៊ុតបានគ្រាប់បាល់ ហើយ Mbappe ក៏ស៊ុតបានដែរ»។
ទោះជាយ៉ាងណា អ្នកវិភាគជាច្រើនជឿថា ការប្រជែងរវាងកីឡាករទាំងពីរ នៅតែជាកម្លាំងជំរុញឱ្យពួកគេបន្តបំបែកកំណត់ត្រាថ្មីៗ។
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បាននិយាយថា៖
«Ronaldo តែងតែចង់ក្លាយជាកីឡាករល្អបំផុត។ នៅពេលអ្នកស៊ុតបញ្ចូលទីធំៗផ្សេងទៀតរកបានគ្រាប់បាល់ គាត់ក៏ចង់ឈរនៅកំពូលដូចគ្នា។»
អាយុកាន់តែច្រើន តែទម្រង់លេងកាន់តែអស្ចារ្យ
ចាប់តាំងពីឈានចូលវ័យ 35 ឆ្នាំ Messi បានស៊ុត 12 គ្រាប់ក្នុង 9 ប្រកួត World Cup ចុងក្រោយ ដែលលើសសរុបគ្រាប់បាល់ World Cup របស់ Ronaldo ទាំងអស់ (10 គ្រាប់)។
មុនអាយុ 35 ឆ្នាំ Messi ស៊ុតបានត្រឹម 6 គ្រាប់ប៉ុណ្ណោះ ក្នុង 19 ប្រកួត World Cup។
ចំណែក Ronaldo ក្រោយអាយុ 35 ឆ្នាំ ក៏រកបាន 8 គ្រាប់ក្នុងការប្រកួត World Cup និង Euro ចំនួន 16 ប្រកួតផងដែរ។
កំណត់ត្រាថ្មីនៅតែរង់ចាំ
បច្ចុប្បន្ន Ronaldo មានគ្រាប់បាល់អាជីពសរុប 975 គ្រាប់ ហើយនៅខ្វះត្រឹម 25 គ្រាប់ប៉ុណ្ណោះ ដើម្បីក្លាយជាកីឡាករដំបូងស៊ុតបាន 1,000 គ្រាប់ក្នុងអាជីព។
ខណៈ Messi កំពុងព្យាយាមបន្តពង្រីកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺប្រសិនបើ អាហ្សង់ទីន និង ព័រទុយហ្គាល់ បន្តឈ្នះនៅវគ្គបន្ទាប់ ពួកគេអាចជួបគ្នានៅវគ្គ 8 ក្រុមចុងក្រោយ នាថ្ងៃទី 11 ខែកក្កដា។
នោះអាចក្លាយជាជំនួបប្រវត្តិសាស្ត្រចុងក្រោយរវាងរឿងព្រេងរស់ទាំងពីរ ដែលបានគ្រប់គ្រងពិភពបាល់ទាត់អស់រយៈពេលជាងពីរទសវត្សរ៍៕










