កំណត់ត្រាថ្មី! World Cup 2026 មានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតបាល់ទាត់ពិភពលោក

ចែករំលែក៖

World Cup 2026 បានបង្កើតកំណត់ត្រាថ្មី ដោយក្លាយជាព្រឹត្តិការណ៍ World Cup ដែលមានអ្នកចូលទស្សនានៅកីឡដ្ឋានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលើសកំណត់ត្រាចាស់ដែលបានបង្កើតនៅឆ្នាំ 1994 នេះបើតាមការបញ្ជាក់របស់ FIFA។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងអំឡុងពេលប្រកួតរវាង អាល្លឺម៉ង់ និងអេក្វាឌ័រ នៅទីក្រុង East Rutherford រដ្ឋ New Jersey ខណៈអេក្រង់ធំក្នុងកីឡដ្ឋានបានបង្ហាញចំនួនអ្នកទស្សនាសរុបថ្មី 3,605,357 នាក់ ដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះការអបអរសាទរយ៉ាងកក្រើក។

ជាមួយនឹងការប្រកួតនៅសល់ 48 ប្រកួតទៀត ចំនួនអ្នកទស្សនាសរុបនៅ World Cup 2026 ត្រូវបានរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំង។ កំណត់ត្រាឆ្នាំ 1994 ត្រូវបានបង្កើតឡើងក្នុងសម័យដែលការប្រកួតមានត្រឹម 52 ប្រកួត ប៉ុណ្ណោះ ខណៈការប្រកួតឆ្នាំ 2026 មានការពង្រីកដល់ 104 ប្រកួត។

FIFA បានឱ្យដឹងថា កីឡដ្ឋានទាំងអស់មានអត្រាអ្នកចូលទស្សនាជាមធ្យមលើសពី 99% ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។

ទោះជាយ៉ាងណា លោក Victor Matheson អ្នកជំនាញសេដ្ឋកិច្ចកីឡា មកពី College of the Holy Cross បានលើកឡើងថា តម្លៃសំបុត្រខ្ពស់ និងការរឹតបន្តឹងការធ្វើដំណើររបស់រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ចំពោះប្រទេសមួយចំនួន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនអាចមកទស្សនាការប្រកួតដោយផ្ទាល់បាន។

...

ដោយឡែក លោក Dan Rascher អ្នកជំនាញសេដ្ឋកិច្ចកីឡា មកពី សាកលវិទ្យាល័យ San Francisco បានអះអាងថា ទោះបីមានឧបសគ្គខ្លះៗក៏ដោយ ក៏នៅតែមានអ្នកគាំទ្រយ៉ាងច្រើនត្រៀមខ្លួនមកបំពេញកៅអីក្នុងកីឡដ្ឋាន ដោយលោកបានបញ្ជាក់ថា៖ «ប្រជាជនអាមេរិកចង់មានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុត និងជាពេលវេលាប្រវត្តិសាស្ត្រទាំងនេះ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print