ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងនៅថ្ងៃទី២៦ខែមិថុនានេះ អំពីករណីអំពើហិង្សាមួយដែលបានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៩: ១០នាទី នៅភូមិគោកត្រប់ ឃុំគោលត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ ២នាក់គឺឈ្មោះ ម៉ុម មករា ភេទ ប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹ(មុខរបរ កសិករ)និងឈ្មោះ លុន មីតធីតថង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរកសិករ)។
ជនសង្ស័យ ឈ្មោះ ចឺម ពន្លឺ (អាប៉េតត្រូ) ភេទ ប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង មុខរបរ មិនពិតប្រាកដត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈ ពេល០១ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន។
សម្ភារៈខូចខាតរួមមាន៖ ព្រះភូមិ០១និង វត្ថុតាងចាប់យកគឺដុំថ្មចំនួន០១ ដុំ
ប្រភពបន្តទៀតថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី ពេលជនរងគ្រោះ ឈ្មោះម៉ុម មករា កំពុងហូបបាយនៅក្រោមផ្ទះ ជាមួយក្រុមគ្រួសារ ភ្លាមនោះជនសង្ស័យបានដើរមកផ្ទះរបស់ជនរងគ្រោះរួចនិយាយថាបងសុំលុយ១.០០០រៀលមក!ជនរងគ្រោះឈ្មោះម៉ុម មករា បានឆ្លើយវិញថា អត់មានលុយទេ រួចជនសង្ស័យបានដើរចេញបានបន្តិច និងបានរើសដុំថ្មនៅមុខផ្ទះរបស់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពគប់ដុំថ្មមកលើជនរងគ្រោះ មួយដុំថ្មចំចង្កេះខាងឆ្វេង តែពេលនោះជនរងគ្រោះឈ្មោះម៉ុម មករា មិនបានតបតទៅវិញនោះទេ។
បន្ទាប់មកជនសង្ស័យ បានដើរទៅផ្ទះរបស់ជនរងគ្រោះឈ្មោះលុន មីតធីតថង រួចធ្វើសកម្មភាពធាក់ព្រះភូមិរបស់ជនរងគ្រោះឈ្មោះលុន មីតធីតថង ដែលដាក់នៅខាងមុខផ្ទះ បណ្ដាលឱ្យបាក់ធ្លាក់និងដី ខូចខាត រួចជនរងគ្រោះទាំងពីរនាក់បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកត្រប់។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍គោកត្រប់ បានចុះទៅដល់ កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានយកដុំថ្មនិងធាក់ព្រះភូមិរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










