ហ្វូងដ្រូនអ៊ុយក្រែនវាយប្រហារ ត្រូវបានប្រព័ន្ធការពាររុស្ស៊ីបាញ់ទម្លាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតមួយគិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

បើតាមក្រសួងការពារជាតិរុស្ស៉ី ដ្រូនអ៊ុយក្រែនត្រូវបានបាញ់នៅក្នុងតំបន់ជាច្រើន ក្នុងនោះរួមមានរដ្ឋធានីមូស្គូ តំបន់គ្រីមៀ តំបន់សមុទ្រខ្មៅ និងសមុទ្រ Azov។ លោក Sergei Sobyanin ជាអភិបាលក្រុងមូស្គូបានឱ្យដឹងថាយ៉ាងហោចមានដ្រូន ៤៧គ្រឿងដែលបានហោះតម្រង់ទៅរករដ្ឋធានីមូស្គូត្រូវបានបាញ់ទម្លាក់។ «ក្រុមអ្នកជំនាញខាងសេវាសង្រ្គោះបន្ទាន់បានទៅដល់កន្លែងកើតហេតុភ្លាមៗជាទីដែលបំណែកដ្រូនបានធ្លាក់»។ នេះជាការគូសបញ្ជាក់របស់លោក Sergei Sobyanin ដោយមិនបានរាយការណ៍ពីអ្នករងរបួស ឬការខូចខាតនោះទេ។
ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំក៏បានកើតឡើងផងដែរក្នុងតំបន់ Tula ស្ថិតនៅចម្ងាយ ១៨០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។ នេះបើតាមអភិបាលតំបន់ Tula លោក Dmitry Milyaev។ លោកបន្ថែមថាលំនៅដ្ឋានឯកជនមួយខ្នងបានរងការខូចខាតនៅក្នុងស្រុក Shchekino ហើយស្រ្តីម្នាក់បានរងរបួស។
អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៉ី ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសគឺកំណត់គោលដៅលើរោងចក្រថាមពល ក្នុងគោលបំណងកាត់ផ្ដាច់ប្រភពចំណូលដែលវិមានក្រឹមឡាំងយកទៅផ្គត់ផ្គង់ដល់ការបន្តធ្វើ សង្រ្គាមប្រឆាំងអ៊ុយក្រែន។ ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីសប្ដាហ៍មុនបានបង្កជាអគ្គិភ័យយ៉ាងសម្បើមលើរោងចក្រចម្រាញ់ប្រេងមួយស្ថិតភាគអាគ្នេយ៍ទីក្រុងមូស្គូ៕

រូប​ថត​:dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print