ស៊ីឈ្នួលដើរលក់ថ្នាំញៀន ៩០លើកទើបត្រូវសមត្ថកិច្ចក្របួចជាប់ រីឯមេក្លោងដឹងខ្លួនមុនរត់គេចចូលព្រៃបាត់

ចែករំលែក៖

ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យ ដឹងនៅល្ងាចថ្ងៃទី២៦ខែមិថុនានេះថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលធ្លាប់ស៊ីឈ្នួលដើរជួញដូរគ្រឿងញៀនឲ្យមេក្លោងរហូតដល់ទៅ ៩០លើកនោះ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានសម្រេច រួមនិងរឹបអូសវត្ថុតាងថ្នាំញៀន ៣កញ្ចប់តូច ខណៈមេក្លោងម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២២និង១០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វ៉ាន់ ផានិតភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកបក្សពួកម្នាក់ទៀតដែលជាមេក្លោងកំពុងរត់គេចខ្លួនមានឈ្មោះ ឆែម ស៊ីណាត (ប្រុស, ៤៦ឆ្នាំ) ជនជាតិខ្មែរ ដោយអ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់តូច ទម្ងន់សរុប ០,៥៩ ក្រាម ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

លោកអធិការបានបន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងសមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចខាងលើ ទើបលោកបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅឃ្លាំមើលមុខសញ្ញា។ លុះដល់វេលាកើតហេតុ សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យឈ្មោះ វ៉ាន់ ផានិត ហើយបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន ៣កញ្ចប់តូចលាក់ទុកក្នុងហោប៉ាវខោខាងស្តាំ រួចក៏នាំខ្លួនមកសួរនាំតែម្ដង។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ៣កញ្ចប់នេះ គឺឈ្មោះ ឆែម ស៊ីណាត ជាអ្នកប្រើឲ្យខ្លួនយកមកលក់បន្ត ដោយកន្លងមកខ្លួនធ្លាប់បានស៊ីឈ្នួលលក់ឲ្យឈ្មោះនេះចំនួន ៩០លើករួចមកហើយ។ ពេលលក់បានលុយ ខ្លួនតែងយកទៅប្រគល់ឲ្យឈ្មោះ ឆែម ស៊ីណាត វិញ ហើយជននេះក៏បានឲ្យថ្នាំញៀនមកខ្លួនដើម្បីប្រើប្រាស់ជាថ្នូរ។

លោកអធិការបញ្ជាក់ថា ក្រោយទទួលចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានបន្តចុះទៅដល់ផ្ទះរបស់ជន សង្ស័យឈ្មោះ ឆែម ស៊ីណាត ដែរ តែជននេះបានដឹងខ្លួនមុន និងរត់គេចចូលព្រៃបាត់ស្រមោល។ បច្ចុប្បន្ន ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print