ម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោកប្រភេទទម្ងន់ធ្ងន់ Oleksandr Usyk បានប្រកាសថា លោកនឹងលះបង់ខ្សែក្រវាត់ជើងឯកទាំងអស់ដែលកំពុងកាន់កាប់ ប៉ុន្តែបានអះអាងយ៉ាងច្បាស់ថា លោក មិនទាន់ចូលនិវត្តន៍ពីវិស័យប្រដាល់ នោះទេ។
កីឡាករជនជាតិអ៊ុយក្រែនវ័យ 39 ឆ្នាំ ដែលនៅរក្សាកំណត់ត្រាមិនធ្លាប់ចាញ់ក្នុងអាជីព ដោយឈ្នះទាំង 25 ប្រកួត កំពុងកាន់ខ្សែក្រវាត់ WBA Super, WBC និង IBF។
Usyk បានសរសេរលើបណ្ដាញសង្គម X ថា៖ «នេះគឺជាការសម្រេចចិត្តដែលបានគិតពិចារណាយ៉ាងម៉ត់ចត់។ ខ្ញុំជឿជាក់ថា វានឹងបើកឱកាសថ្មីៗសម្រាប់ខ្ញុំ។ នេះមិនមែនជាចុងបញ្ចប់នៃរឿងរ៉ាវនោះទេ ព្រោះការបន្តនៅមានខាងមុខ។»
មុនការប្រកួតចុងក្រោយរបស់ខ្លួនកាលពីខែឧសភា ដែលបានយកឈ្នះ Rico Verhoeven នៅប្រទេសអេហ្ស៊ីប Usyk ធ្លាប់បញ្ជាក់ថា លោកនៅចង់ឡើងសង្វៀនយ៉ាងហោចណាស់ពីរប្រកួតទៀត មុនពេលសម្រេចចិត្តចូលនិវត្តន៍។
ក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃសុក្រ លោកបាននិយាយថា៖
«ខ្ញុំចង់ប្រគល់ខ្សែក្រវាត់ទាំងអស់ដែលខ្ញុំកាន់កាប់ ដើម្បីឱ្យអ្នកប្រដាល់ដែលកំពុងរង់ចាំឱកាស អាចប្រកួតដណ្ដើមបាន។ ខ្ញុំលះបង់ខ្សែក្រវាត់ ប៉ុន្តែមិនលះបង់វិស័យប្រដាល់ទេ។»
ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពី Usyk ត្រូវបានបង្ខំឱ្យប្រកួតការពារខ្សែក្រវាត់ WBC ជាមួយអ្នកប្រដាល់អាល្លឺម៉ង់ Agit Kabayel ដែលជាអ្នកប្រកួតជាប់កាតព្វកិច្ច (Mandatory Challenger)។
Kabayel ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពស័ក្តិសមបំផុតក្នុងការឡើងប្រជែងខ្សែក្រវាត់ជើងឯក ហើយអាចនឹងត្រូវបានតែងតាំងជាជើងឯកថ្មី អាស្រ័យលើការសម្រេចរបស់ស្ថាប័នគ្រប់គ្រងប្រដាល់។
ជាមួយគ្នានេះ ការប្រកួតសងសឹករវាង Usyk និង Rico Verhoeven ក៏ត្រូវបានគេរំពឹងថា អាចនឹងកើតឡើងផងដែរ។
គួររំលឹកថា Usyk បានគ្រប់គ្រងប្រភេទទម្ងន់ Cruiserweight មុនឡើងមកប្រកួតទម្ងន់ធ្ងន់ក្នុងឆ្នាំ 2019 ហើយបានយកឈ្នះអតីតជើងឯកល្បីៗដូចជា Anthony Joshua និង Tyson Fury ចំនួនពីរដងម្នាក់។
បច្ចុប្បន្ន ខ្សែក្រវាត់ WBO កំពុងស្ថិតក្នុងដៃរបស់អ្នកប្រដាល់អង់គ្លេស Daniel Dubois ដែលធ្លាប់ចាញ់ Usyk ពីរដង ហើយបានក្លាយជាជើងឯកបន្ទាប់ពីផ្តួល Fabio Wardley កាលពីដើមឆ្នាំនេះ៕










