កុងហ្គោប្តេជ្ញាវាយសម្រុក ដើម្បីដណ្តើមជ័យជម្នះលើអ៊ូសបេគីស្ថាន រក្សាក្តីសង្ឃឹមនៅ World Cup

ចែករំលែក៖

ក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) បានប្រកាសថា នឹងផ្លាស់ប្តូរយុទ្ធសាស្ត្រទៅលេងបែបវាយសម្រុក ក្នុងការប្រកួតចុងក្រោយវគ្គចែកពូល K ទល់នឹងអ៊ូសបេគីស្ថាន ខណៈមានតែជ័យជម្នះប៉ុណ្ណោះ ដែលអាចរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្តបាន។

គ្រូបង្វឹក Sebastien Desabre បានឱ្យដឹងថា ក្រុមរបស់លោកបានប្រើប្រព័ន្ធការពារ 5-3-2 ក្នុងការប្រកួតទល់នឹងព័រទុយហ្គាល់ និងកូឡុំប៊ី ប៉ុន្តែសម្រាប់ការប្រកួតនៅកីឡដ្ឋាន Atlanta នេះ ក្រុមនឹងផ្លាស់ប្តូររបៀបលេងដើម្បីស្វែងរកគ្រាប់បាល់។

លោក Desabre បាននិយាយថា៖

«ព័រទុយហ្គាល់ឈរលេខ៥ និងកូឡុំប៊ីឈរលេខ១៣ ក្នុងចំណាត់ថ្នាក់ FIFA ដូច្នេះយើងជ្រើសរើសប្រើប្រព័ន្ធ 5-3-2 ដោយចេតនា។ ខ្ញុំគិតថាយើងធ្វើបានល្អក្នុងការប្រកួតទាំងពីរ ហើយការចាញ់កូឡុំប៊ីក៏ដោយសារតែកំហុសតូចមួយប៉ុណ្ណោះ។»

លោកបន្តថា៖ «ប៉ុន្តែសម្រាប់ការប្រកួតថ្ងៃស្អែក យើងនឹងរៀបចំក្រុមឱ្យអាចរកគ្រាប់បាល់បាន។ យើងដឹងច្បាស់ថា ត្រូវធ្វើអ្វីដើម្បីឆ្ពោះទៅវគ្គបន្ត»។

បច្ចុប្បន្ន កុងហ្គោមាន ១ ពិន្ទុ ក្រោយស្មើព័រទុយហ្គាល់ ១-១ និងចាញ់កូឡុំប៊ី ខណៈអ៊ូសបេគីស្ថានចាញ់ទាំងពីរប្រកួតដំបូង និងរបូតដល់ ៧ គ្រាប់ ប៉ុន្តែនៅតែមានឱកាសឡើងវគ្គបន្ត ប្រសិនបើអាចយកឈ្នះកុងហ្គោបាន។

ខ្សែប្រយុទ្ធសំខាន់របស់កុងហ្គោមាន Cedric Bakambu និង Yoane Wissa ដែលប្រកបអាជីពនៅអង់គ្លេស។ Wissa បានរកគ្រាប់បាល់មួយគ្រាប់ទល់នឹងព័រទុយហ្គាល់ បើទោះបីជារដូវកាលកន្លងមកជួបបញ្ហារបួស និងមិនសូវទទួលបានជោគជ័យជាមួយ Newcastle United ក៏ដោយ។

លោក Desabre បានបង្ហាញទំនុកចិត្តលើ Wissa ដោយនិយាយថា៖

«Wissa បានត្រឡប់មករកទម្រង់លេងដ៏ល្អរបស់គាត់វិញ តាំងពីពេលយើងចាប់ផ្តើមត្រៀមខ្លួនមុន World Cup។ ខ្ញុំបានឃើញការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់គាត់ ហើយខ្ញុំជឿជាក់ថា គាត់នឹងបង្ហាញសមត្ថភាពល្អសម្រាប់ក្រុម»។

គ្រូបង្វឹកកុងហ្គោបានបញ្ចប់ថា៖

...

«យើងកំពុងប្រកួតក្នុងកម្រិតខ្ពស់ជាងអ្វីដែលធ្លាប់ជួប ហើយក្នុងការប្រកួតដែលមានសម្ពាធបែបនេះ ជ័យជម្នះគឺជាជម្រើសតែមួយគត់។ ចុងក្រោយ អ្វីដែលសំខាន់គឺរកគ្រាប់បាល់ឱ្យបានច្រើនជាងគូប្រកួត»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print