ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជិះម៉ូតូទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍បើកស្របទិសគ្នា កិនបញ្ឆិតខ្លួន ហេីយត្រូវបានរថយន្តសាមុយ នៃមន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONG DA PCXពាក់ផ្លាកលេខ ភ្នំពេញ 1IF-6082 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ឡើងលើស្ពានព្រះមុនីវង្សឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ ទិសដៅពីកើតទៅលិច លុះពេលជិះមកដល់ពាក់កណ្ដាលស្ពានស្រាប់តែទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់បើកស្របទៅគ្នាកិនចំបញ្ឆិតខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯភាគីម៉ូតូ១គ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ដេីម្បីសួរនាំបន្ត រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










