ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះប៉ាណាម៉ា ២-០ ក្នុងការប្រកួតចុងក្រោយវគ្គចែកពូល L នៃព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃសៅរ៍ ដោយ Jude Bellingham រកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យ Harry Kane រកបានមួយគ្រាប់ទៀត ជួយក្រុមរបស់លោក Thomas Tuchel បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ពូល។
លទ្ធផលនេះធ្វើឱ្យអង់គ្លេសមាន ៧ ពិន្ទុ ឈរលេខ១ពូល L នាំមុខក្រូអាស៊ីដែលមាន ៦ ពិន្ទុ ក្រោយឈ្នះហ្គាណា ២-១។ ហ្គាណាបញ្ចប់ដោយមាន ៤ ពិន្ទុ ខណៈប៉ាណាម៉ាចាញ់ទាំងបីប្រកួត និងបញ្ចប់នៅបាតតារាង។ អង់គ្លេសនឹងត្រូវជួបក្រុមលេខ៣ល្អបំផុតមួយនៅវគ្គ ៣២ ក្រុមចុងក្រោយ។
បន្ទាប់ពីវគ្គទី១ដែលគ្មានគ្រាប់បាល់ និងការវាយសម្រុកមិនសូវមានប្រសិទ្ធភាព អង់គ្លេសបានទម្លាយការពារប៉ាណាម៉ានៅនាទីទី៦២។ ពីបាល់ជ្រុងរបស់ Bukayo Saka ខ្សែបម្រើ Bellingham បានតស៊ូជាមួយខ្សែការពារ មុនទាត់បាល់ជើងឆ្វេងបញ្ចូលទី ធ្វើឱ្យអង់គ្លេសនាំមុខ ១-០។
ត្រឹមតែ ៥ នាទីបន្ទាប់ Bellingham បានបញ្ជូនបាល់យ៉ាងល្អពីស្លាបឆ្វេងឱ្យ Kane លោតតែតបញ្ចូលទី បង្កើនការនាំមុខដល់ ២-០។ គ្រាប់បាល់នេះក៏ជាគ្រាប់ទី១១របស់ Kane នៅ World Cup ដែលធ្វើឱ្យគេវ៉ាដាច់ Gary Lineker (១០ គ្រាប់) និងក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cupរបស់អង់គ្លេស។
មុនឈានដល់ការរកគ្រាប់បាល់ អង់គ្លេសបានជួបការលំបាកក្នុងការបំបែកប្រព័ន្ធការពាររបស់ប៉ាណាម៉ា។ លោក Tuchel បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥ នាក់ពីការប្រកួតស្មើហ្គាណា ០-០ ដោយ Reece James អវត្តមានដោយសាររបួសសរសៃពួរ ខណៈ Jarell Quansah, Morgan Rogers, Bukayo Saka និង Marcus Rashford សុទ្ធតែបានចូលជម្រើសដំបូង។
Rashford មានឱកាសល្អជាច្រើន ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបាន ខណៈអ្នកចាំទី Orlando Mosquera របស់ប៉ាណាម៉ា បានសង្គ្រោះបាល់សំខាន់ៗជាបន្តបន្ទាប់។ ផ្ទុយទៅវិញ ប៉ាណាម៉ាក៏មានឱកាសវាយបក ហើយ Jordan Pickford ត្រូវបង្ហាញសមត្ថភាពជួយសង្គ្រោះមួយលើកពីការស៊ុតរបស់ Jose Rodriguez។
ជ័យជម្នះនេះធានាឱ្យអង់គ្លេសឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយក្នុងនាមជាក្រុមឈ្នះពូល L ទោះបីការប្រកួតមិនសូវលេងបានរលូនក៏ដោយ។
ជាមួយគ្នានេះ Jordan Henderson ក៏បានបង្កើតកំណត់ត្រាថ្មី ដោយក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលបានចូលលេងក្នុងការប្រកួត FIFA World Cup ចំនួន ៤ លើក៕










