គ្រូបង្វឹកក្រុមជម្រើសជាតិកាណាដា លោក Jesse Marsch បានបញ្ជាក់ថា ប្រធានក្រុម Alphonso Davies បានជាសះស្បើយពីរបួស និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយទល់នឹងអាហ្វ្រិកខាងត្បូង នៅថ្ងៃអាទិត្យនេះ។
Davies បានសម្រាកព្យាបាលរបួសសរសៃពួរខាងក្រោយភ្លៅឆ្វេង ដែលរងរបួសអំឡុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រវាង Bayern Munich និង Paris Saint-Germain កាលពីខែមុន។
លោក Marsch បាននិយាយថា៖
«ពេលនេះ Alphonso បានជាសះស្បើយ និងត្រៀមខ្លួនរួចរាល់ វាជាកម្លាំងចិត្តដ៏ធំមួយសម្រាប់ក្រុម ហើយជាការជំរុញដ៏សំខាន់មុនការប្រកួតវគ្គបន្ត»។
គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះក៏បានបង្ហើបថា Davies ធ្លាប់ចង់ចូលលេងក្នុងការប្រកួតចុងក្រោយវគ្គចែកពូល ដែលកាណាដាចាញ់ស្វ៊ីស ២-១ ប៉ុន្តែលោកបានសម្រេចមិនដាក់ឱ្យលេង ដោយយល់ថាវានៅឆាប់ពេក។
Davies បាននិយាយថា៖ «ការអង្គុយមើលការប្រកួតទាំងបីពិតជាពិបាកណាស់។ វាធ្វើឱ្យខ្ញុំឈឺចាប់ ព្រោះអ្វីដែលខ្ញុំចង់ធ្វើបំផុត គឺបានចូលលេងជាមួយក្រុម»។
លោក Marsch បញ្ជាក់ថា ការការពារ Davies គឺជាអាទិភាពរបស់លោក ដោយប្រៀបធៀបកីឡាករឆ្នើមរូបនេះថា៖ «អ្នកត្រូវថែរក្សាពួកគេដូចជារថយន្ត Ferrari អ៊ីចឹង»។
មុននេះ លោក Marsch ធ្លាប់និយាយថា Davies ត្រៀមខ្លួនរួចសម្រាប់ជួបស្វ៊ីស ប៉ុន្តែក្រោយការប្រកួត លោកបានសារភាពថា វាជាយុទ្ធសាស្ត្រដើម្បីបំភាន់គូប្រកួតប៉ុណ្ណោះ។
ក្រៅពី Davies ខ្សែការពារ Moise Bombito ក៏បានជាសះស្បើយ និងអាចចូលលេងបានផងដែរ បន្ទាប់ពីបាក់ជើងកាលពីខែតុលាឆ្នាំមុន ខណៈលេងឱ្យក្លិប Nice នៅបារាំង។
កាណាដានឹងត្រូវជួបអាហ្វ្រិកខាងត្បូង ដែលទើបបង្កការភ្ញាក់ផ្អើលដោយយកឈ្នះកូរ៉េខាងត្បូង ១-០ ដើម្បីឡើងមកវគ្គនេះ។ លោក Marsch បានអះអាងថា ក្រុមរបស់លោកនឹងប្រើទម្រង់លេងសម្រុក និងមានភាពកាចសាហាវក្នុងការប្រកួត។
នេះគឺជាការប្រកួតវគ្គចាញ់-ធ្លាក់ World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កាណាដា បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូលក្នុងការចូលរួមពីរលើកមុន។
Davies ក៏បានបង្ហាញអារម្មណ៍រំភើបចំពោះការគាំទ្រពីអ្នកគាំទ្រកាណាដា ដោយនិយាយថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យ ព្រោះខ្ញុំមិនធ្លាប់ឃើញអ្នកគាំទ្រកាណាដាច្រើនបែបនេះនៅការប្រកួតបាល់ទាត់ទេ។ វាធ្វើឱ្យខ្ញុំស្ទើរតែស្រក់ទឹកភ្នែក»៕










