Messi បន្តបំបែកកំណត់ត្រា ខណៈអាហ្សង់ទីនយកឈ្នះហ្ស៊កដានី ៣-១ យ៉ាងងាយស្រួល

ចែករំលែក៖

ក្រុមជម្រើសជាតិអាហ្សង់ទីនបានបន្តទម្រង់លេងដ៏ល្អ ដោយយកឈ្នះហ្ស៊កដានីក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតចុងក្រោយពូល J នៃព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃសៅរ៍ ខណៈ Lionel Messi បានបង្កើតកំណត់ត្រាថ្មី ដោយក្លាយជាកីឡាករដំបូងគេដែលអាចរកគ្រាប់បាល់បានក្នុង ៧ ប្រកួតជាប់ៗគ្នា នៅវគ្គផ្តាច់ព្រ័ត្រ World Cup។

ទោះបីគ្រូបង្វឹក Lionel Scaloni បានផ្លាស់ប្តូរកីឡាករដល់ទៅ ៩ នាក់ពីក្រុមដែលឈ្នះអូទ្រីសក៏ដោយ អាហ្សង់ទីននៅតែបង្ហាញភាពខ្លាំង ដោយគ្រាប់បាល់របស់ Giovani Lo Celso, Lautaro Martinez និង Lionel Messi បានធានាជ័យជម្នះ និងបញ្ជូនសារព្រមានទៅកាន់ក្រុម ខែប វើដ (Cape Verde) ដែលជាគូប្រកួតនៅវគ្គ ៣២ ក្រុមចុងក្រោយ។

អាហ្សង់ទីនបានបើកការនាំមុខនៅនាទីទី១៩ តាមរយៈការស៊ុតបាល់ពិន័យដោយផ្ទាល់យ៉ាងស្រស់ស្អាតរបស់ Lo Celso។ បន្ទាប់មក Martinez បានបន្ថែមគ្រាប់ទី២ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី៣១។

នៅដើមតង់ទី២ ហ្ស៊កដានីបានវាយបកមួយគ្រាប់វិញដោយ Mousa Altamari នៅនាទីទី៥៥ ដែលជាគ្រាប់បាល់ដំបូងបង្អស់ដែលអាហ្សង់ទីនរបូតក្នុង World Cup ឆ្នាំនេះ។

Messi ដែលចូលលេងជាកីឡាករបម្រុងនៅនាទីទី៦០ បានបញ្ចប់ការប្រកួតដោយគ្រាប់បាល់ពិន័យដោយផ្ទាល់នៅនាទីទី៨០ ក្រោយរូបគេត្រូវបានបង្កកំហុសនៅចម្ងាយប្រមាណ ២៥ ម៉ែត្រពីទី។ គ្រាប់បាល់នេះបានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះ បំបែកកំណត់ត្រារបស់ Just Fontaine និង Jairzinho ដោយរកបានគ្រាប់បាល់ក្នុងការប្រកួត World Cup ៧ លើកជាប់ៗគ្នា។

ក្នុងការប្រកួតនេះ Lo Celso គឺជាតួអង្គសំខាន់នៅតំបន់បម្រើ ខណៈ Martinez ក៏មានឱកាសជាច្រើន និងស្ទើរតែរកបានគ្រាប់បាល់បន្ថែម បន្ទាប់ពីស៊ុតបុករបារទី។

...

ជ័យជម្នះ ៣-១ នេះ បានបញ្ជាក់ពីភាពរឹងមាំរបស់អាហ្សង់ទីន មុនឈានចូលវគ្គចាញ់-ធ្លាក់ ខណៈ Messi បន្តសរសេរប្រវត្តិសាស្ត្រថ្មី និងបង្ហាញថា រូបគេនៅតែជាកម្លាំងសំខាន់សម្រាប់ការពារតំណែងជើងឯកពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print