ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានវាយបកយកឈ្នះ ជប៉ុន 2-1 យ៉ាងអស្ចារ្យ ដោយ Gabriel Martinelli ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទី 90+5 នៃម៉ោងបន្ថែម ដើម្បីនាំក្រុម “សាំបា” ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026។
ជ័យជម្នះនេះ ធ្វើឱ្យប្រេស៊ីលត្រូវជួបក្រុម ន័រវែស ឬ កូតឌីវ័រ នៅវគ្គបន្ទាប់។
គ្រាប់ជ័យជម្នះកើតឡើងនៅវិនាទីចុងក្រោយ បន្ទាប់ពីប្រេស៊ីលដណ្តើមបាល់បាននៅក្បែរតំបន់គ្រោះថ្នាក់របស់ជប៉ុន ហើយ Bruno Guimaraes បញ្ជូនបាល់ឱ្យ Martinelli ប៉ះមួយជំហាន មុនស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី ប៉ះបង្គោលចូលសំណាញ់។
វាជាការបញ្ចប់ដ៏ឈឺចាប់សម្រាប់ជប៉ុន ដែលបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងប្រកួតស្មើជើងជាមួយប្រេស៊ីលអស់រយៈពេលជិតពេញការប្រកួត។
នៅតង់ទី១ ជប៉ុនលេងបានល្អជាង និងរកគ្រាប់បើកឆាកនៅពេល Kaishu Sano ឆក់យកកំហុសរបស់ Danilo មុនអូសបាល់ផុត Casemiro និងស៊ុតចូលជ្រុងក្រោម ឱ្យជប៉ុននាំមុខ 1-0។
ចូលតង់ទី២ ក្រុមរបស់លោក Carlo Ancelotti បានផ្លាស់ប្តូរទម្រង់លេង និងតាមស្មើបាននៅនាទី៥៥ ដោយ Casemiro តែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Gabriel។
បន្ទាប់ពីតាមស្មើ ប្រេស៊ីលបន្តដាក់សម្ពាធយ៉ាងខ្លាំង ហើយស្ទើរតែរកបានគ្រាប់ទី២ភ្លាមៗ នៅពេល Vinicius Jr បង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយអូសបាល់ពីពាក់កណ្តាលទីលាន រំលងខ្សែការពារពីរនាក់ មុនស៊ុត ប៉ុន្តែអ្នកចាំទី Zion Suzuki សង្គ្រោះបានយ៉ាងល្អ ដោយបាល់ទៅប៉ះបង្គោល។
ជប៉ុនព្យាយាមទប់ទល់រហូតដល់ចុងម៉ោង ប៉ុន្តែនៅនាទីបន្ថែម Ao Tanaka បានបាត់បង់បាល់នៅក្បែរតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលអនុញ្ញាតឱ្យ Martinelli ឆក់ឱកាសស៊ុតគ្រាប់ជ័យជម្នះ នាំប្រេស៊ីលបន្តដំណើរទៅវគ្គ 16 ក្រុមចុងក្រោយ៕










