គ្រូបង្វឹកក្រុមជម្រើសជាតិ ម៉ិកស៊ិក លោក Javier Aguirre បានអះអាងថា ក្រុមរបស់លោកត្រូវបង្ហាញទម្រង់លេងស្ទើរតែល្អឥតខ្ចោះ ប្រសិនបើចង់បន្តដំណើរនៅពានរង្វាន់ FIFA World Cup 2026 ក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយជាមួយ អេក្វាឌ័រ នៅកីឡដ្ឋាន Azteca នាថ្ងៃអង្គារ។
ម៉ិកស៊ិកបានបញ្ចប់ការប្រកួតវគ្គចែកពូលក្នុងនាមជាក្រុមលេខ១ ពូល A ដោយឈ្នះទាំង ៣ ប្រកួត រកបាន ៦ គ្រាប់ មិនរបូតសូម្បីមួយគ្រាប់ ខណៈអេក្វាឌ័របានឡើងមកវគ្គនេះ ក្រោយវាយបកយកឈ្នះអាល្លឺម៉ង់ ២-១។
លោក Aguirre ដែលធ្លាប់ដឹកនាំម៉ិកស៊ិកនៅ World Cup ពីរលើកមុន បាននិយាយថា ការលេងនៅលើទឹកដីខ្លួនឯងលើកនេះ មានអារម្មណ៍ខុសប្លែកពីមុន។ «នេះជាលើកទីមួយដែលការលេងនៅផ្ទះពិតជាដូចមានអ្នកលេងទី១២។ យើងដឹងថា ប្រទេសទាំងមូលកំពុងគាំទ្រយើង ហើយនោះគឺជាកម្លាំងចិត្តដ៏ធំមួយ»។
យ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា អេក្វាឌ័រជាគូប្រកួតដ៏គ្រោះថ្នាក់ ដែលមានទម្រង់លេងស្វាហាប់ និងដាក់សម្ពាធខ្ពស់។
«ខ្ញុំរំពឹងថា អេក្វាឌ័រនឹងលេងយ៉ាងខ្លាំងក្លា។ ក្រុមរបស់លោក Sebastián Beccacece តែងតែលេងដោយសម្ពាធខ្ពស់ ប្រឹងប្រែងដណ្តើមបាល់វិញ និងប្រកួតមួយទល់មួយយ៉ាងរឹងមាំ។»
គ្រូបង្វឹកវ័យ ៦៧ ឆ្នាំរូបនេះបានបន្ថែមថា៖ «ពួកគេស្ថិតក្នុងចំណោមក្រុមខ្លាំងបំផុតមួយនៃក្រុមទាំង ៤៨។ ពួកគេជាក្រុមដែលមានភាពក្លាហាន និងស្វាហាប់ ដូចគ្រូបង្វឹករបស់ពួកគេដែរ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺម៉ិកស៊ិកត្រូវលេងឱ្យស្ទើរតែល្អឥតខ្ចោះ បើចង់បន្តក្នុងការប្រកួតនេះ»។
ម៉ិកស៊ិកមិនទាន់ឈ្នះការប្រកួតវគ្គជម្រុះនៅ World Cup ម្តងណាទេ ចាប់តាំងពីឆ្នាំ ១៩៨៦ ដែលពេលនោះលោក Aguirre នៅជាកីឡាករ។ លោកក៏បានទទួលស្គាល់កំហុសកាលពីធ្លាប់ដឹកនាំក្រុមនៅ World Cup ឆ្នាំ ២០០២ និង ២០១០។
«ខ្ញុំប្រាកដថា ខ្ញុំធ្លាប់ធ្វើខុស ហើយខ្ញុំក៏នឹងនៅតែធ្វើខុសទៀត ព្រោះការងារនេះត្រូវរៀនជានិច្ច។ ប៉ុន្តែអ្វីដែលសំខាន់ គឺកុំធ្វើកំហុសដដែលៗ»។
ទោះស្ថិតក្រោមសម្ពាធក៏ដោយ លោក Aguirre បានជំរុញឱ្យកីឡាកររក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមផែនការប្រកួត។ «សាររបស់ខ្ញុំនៅតែដដែល គឺប្រកួតមួយៗ មួយថ្ងៃម្តង ហើយព្យាយាមលេងឱ្យល្អជាងមុនរាល់ការប្រកួត»៕










