មហាសេដ្ឋីចិន Guo Wengui ត្រូវតុលាការអាមេរិកកាត់ទោសជាប់ពន្ធនាគារ ៣០ ឆ្នាំ ពីបទឆបោកប្រាក់ជាង ១ ពាន់លានដុល្លារ

ចែករំលែក៖

តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានសម្រេចផ្តន្ទាទោសមហាសេដ្ឋីចិនដែលកំពុងនិរទេសខ្លួន Guo Wengui ឱ្យជាប់ពន្ធនាគារ ៣០ ឆ្នាំ បន្ទាប់ពីរូបលោកត្រូវបានរកឃើញថា បានឆបោកប្រាក់ពីមនុស្សរាប់ពាន់នាក់ សរុបជាង ១ ពាន់លានដុល្លារអាមេរិក។

កាលពីខែកក្កដា ឆ្នាំ២០២៤ គណៈវិនិច្ឆ័យបានសម្រេចជាឯកច្ឆន្ទថា Guo ដែលត្រូវបានស្គាល់ផងដែរថា Ho Wan Kwok និង Miles Guo មានទោសលើ ៩ ក្នុងចំណោម ១២ បទចោទ រួមមាន បទល្មើសពាក់ព័ន្ធនឹងមូលបត្រ ការឆបោកតាមប្រព័ន្ធអេឡិចត្រូនិក និងការលាងលុយកខ្វក់។

Guo ដែលមានវ័យជាង ៥០ ឆ្នាំ ត្រូវបាន FBI ចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៣ នៅអាផាតមិនប្រណីតរបស់លោក ក្នុងទីក្រុង ញូវយ៉ក ដែលស្ថិតក្បែរសួន Central Park។

ក្នុងសវនាការកាត់ទោសកាលពីថ្ងៃចន្ទ ចៅក្រម Analisa Torres បានលើកឡើងថា Guo បានប្រើប្រាស់ក្តីសង្ឃឹមរបស់មនុស្សដែលប្រាថ្នាចង់ឃើញប្រទេសចិនមានលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

តុលាការក៏បានបង្គាប់ឱ្យរឹបអូសទ្រព្យសម្បត្តិរបស់លោកមានតម្លៃប្រមាណ ៨៨៩ លានដុល្លារ ដោយបញ្ជាក់ថា លោកបានកេងប្រវ័ញ្ចគោលបំណងសប្បុរសធម៌ គំរាមកំហែងអ្នករិះគន់ និងមិនព្រមទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ទោះជាយ៉ាងណា Guo នៅតែអះអាងថា ខ្លួនគ្មានទោស និងអះអាងថា ប្រាក់ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពនយោបាយ។

Guo បានកសាងទ្រព្យសម្បត្តិពីអាជីវកម្មអចលនទ្រព្យនៅប្រទេសចិន មុនពេលសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ដោយអះអាងថា ត្រូវរងការធ្វើទុក្ខបុកម្នេញពី បក្សកុម្មុយនិស្តចិន (CCP)។ ក្រោយមក លោកបានក្លាយជាអ្នករិះគន់ដ៏លេចធ្លោចំពោះ CCP និងបង្ហាញខ្លួនថាជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលនយោបាយអភិរក្សនិយមអាមេរិក រួមទាំង Steve Bannon ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Donald Trump។ Bannon ធ្លាប់ត្រូវបានចាប់ខ្លួននៅលើទូករបស់ Guo ក្នុងឆ្នាំ២០២០ ពាក់ព័ន្ធនឹងការកិបកេងថវិកាគម្រោងសាងសង់របងព្រំដែនអាមេរិក-ម៉ិកស៊ិក ហើយបានសារភាពកំហុសនៅឆ្នាំ២០២៥ ប៉ុន្តែគេចផុតពីការជាប់ពន្ធនាគារ។

អាជ្ញាធរអាមេរិកបានបញ្ជាក់ថា បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិក Guo បានប្រើប្រាស់កេរ្តិ៍ឈ្មោះជាអ្នកប្រឆាំងរដ្ឋាភិបាលចិន ដើម្បីទាក់ទាញមនុស្សឱ្យវិនិយោគក្នុងក្រុមហ៊ុន និងគម្រោងផ្សេងៗរបស់លោក ដោយសន្យាផ្តល់ផលចំណេញខ្ពស់ និងសេវាប្រណីត ប៉ុន្តែបែរជាយកប្រាក់ទាំងនោះទៅចំណាយលើជីវិតដ៏ហ៊ឺហារបស់ខ្លួនវិញ។

នៅក្នុងសវនាការ ដែលមានអ្នកគាំទ្ររបស់លោកជាង ១០០ នាក់ចូលរួម ព្រះរាជអាជ្ញា Ryan Finkel បាននិយាយថា៖ «Guo មិនមែនជាសកម្មជនប្រជាធិបតេយ្យទេ ប៉ុន្តែជាជនឆបោក អ្នកបោកប្រាស់ និងចោរ»។

...

ជាមួយគ្នានេះ អតីតសហការីរបស់ Guo គឺ Yvette Wang ដែលធ្លាប់រួមបង្កើតក្រុមឡប់ប៊ីប្រឆាំង CCP ជាមួយលោក ក៏ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ឆ្នាំ កាលពីឆ្នាំមុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print