ខេត្តកណ្តាល៖ មុខសញ្ញាញៀនថ្នាំចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ចុះឃាត់ខ្លួនដល់បន្ទប់ជួល បន្ទាប់ពីម្ចាស់ផ្ទះបានមកទារលុយថ្លៃឈ្នួលបន្ទប់ ហើយប្រទះឃើញម៉ាស៊ីនភ្លើងដែលបក្ខពួកជនសង្ស័យទើប នឹងលួចបានយកមកលាក់ទុក។ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានទី១ ឈ្មោះ ម៉ោញ ចាន់ដឿន (ប្រុស, ២៨ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងទី២ ឈ្មោះ ប៉ែត ភក្ដី (ប្រុស, ៣៤ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល១ លើកពីបទប្រើប្រាស់គ្រឿងញៀន ដោយអ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ និងស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀតដែលជាអ្នកលួចម៉ាស៊ីនភ្លើង និងកំពុងរត់គេចខ្លួនឈ្មោះ ឡេង យ៉េត (ប្រុស, ៣៨ឆ្នាំ) រស់នៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ាស៊ីនភ្លើងពណ៌ក្រហមចំនួន០១គ្រឿង។
ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការឃាត់ ខ្លួននេះ ជនសង្ស័យឈ្មោះ ម៉ោញ ចាន់ដឿន ក៏ធ្លាប់បានធ្វើសកម្មភាពលួចកាបូបលុយរបស់ស្ត្រីចំណាស់ម្នាក់ឈ្មោះ ចាន់ ចិន អាយុ៦០ឆ្នាំ ដែលមានទឹកប្រាក់ ៣ម៉ឺនរៀល កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ផងដែរ។ លុះមកដល់វេលាម៉ោង០៥និង០០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ឡេង យ៉េត បានមកខ្ចីម៉ូតូរបស់ឈ្មោះ ប៉ែត ភក្ដី យកទៅដឹកម៉ាស៊ីនភ្លើងដែលទើបនឹងលួចគេបាន យកមកផ្ញើទុកក្នុងបន្ទប់ជួលរបស់ឈ្មោះ ម៉ោញ ចាន់ដឿន។
ក្រោយមកនៅថ្ងៃដដែល ស្ត្រីជាម្ចាស់ផ្ទះជួលឈ្មោះ ឈុន សុខុម អាយុ៦០ឆ្នាំ បានដើរមកទារលុយថ្លៃឈ្នួលបន្ទប់ពីឈ្មោះ ម៉ោញ ចាន់ដឿន ស្រាប់តែប្រទះឃើញម៉ាស៊ីនភ្លើងពណ៌ក្រហមនៅក្នុងបន្ទប់។ ដោយមានការ សង្ស័យ ម្ចាស់ផ្ទះក៏បានរាយការណ៍ប្រាប់អនុប្រធានភូមិ និងប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍សិត្បូឲ្យចុះមកត្រួតពិនិត្យ រួចឈានទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកទៅសួរនាំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេពិតជាបានផ្ដល់មធ្យោបាយ និងទីតាំងឲ្យឈ្មោះ ឡេង យ៉េត យកម៉ាស៊ីនភ្លើងដែលលួចគេមកលាក់ទុកប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន៕
ដោយ៖ សុរិយា










