ទីក្រុងប៉ារីស៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន៥៣ប្រទេស។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា សន្និសីទនេះនឹងត្រូវចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖ វគ្គទី១៖ ការធ្វើបទបង្ហាញរបស់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី (OIF) និងកិច្ចសន្ទនាឆ្លងឆ្លើយ ។ បេក្ខជននិមួយៗតម្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការដឹកនាំនិងការធ្វើកិច្ចសន្ទនាជាមួយគណៈប្រតិភូ។
និងវគ្គទី២៖ កិច្ចប្រជុំចង្អៀត សម្រាប់រដ្ឋមន្ត្រី/ប្រធានគណៈប្រតិភូ ធ្វើការពិភាក្សាសរុបមតិយោបល់ និងអនុសាសន៍ ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន សម្រេចជាចុងក្រោយលើតំណែងអគ្គលេខាធិការនេះ។
គួរជម្រាបថា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ៖ “ប្តេជ្ញាបន្តការពារសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” ក្នុងពេលឆាប់ៗខាងមុននេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅដល់គ្រប់គណៈប្រតិភូអន្តរជាតិ អញ្ជើញមកកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមកិច្ចសហការជិតស្និទ្ធពីគ្រប់ដៃគូទាំងអស់ ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលខាងលើ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ៕
ដោយ៖តារា










