ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសណែនាំឱ្យម្ចាស់អង្គភាពមកចុះបញ្ជីប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយកន្លងមកក្រសួងបានសង្កេតឃើញអង្គភាពមួយចំនួនបាននិងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។ ក្រសួងណែនាំដល់ម្ចាស់អង្គភាពអាជីវកម្ម និងអ្នកពាក់ព័ន្ធ មកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ-ចូលតែមួយរបស់ក្រសួងព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
បើតាមក្រសួងព័ត៌មាន បានបញ្ជាក់ថាការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ពផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។
ក្នុងន័យនេះ ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ម្ចាស់អង្គភាពអាជីវកម្ម និងអ្នកពាក់ព័ន្ធ មកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ-ចូលតែមួយរបស់ក្រសួងព័ត៌មាន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ (ឬតាមទំនាក់ទំនងទូរសព្ទលេខ ០៨៧ ៧៨០ ១៧៧) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត៕ដោយ៖តារា











