ពលរដ្ឋនៅឃុំត្រពាំងគងស្រុកសំរោងទង រស់នៅក្នុងភាពភ័យខ្លាច ក្រោយចោរលួចកាត់ស័ង្កសី គាស់ផ្ទះយកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ត្រូវបានដាក់ឱ្យអនុវត្តដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែសំណួរមួយដែលកំពុងលេច ឡើងជាសំណួរពីមហាជនគឺ «ភូមិ-ឃុំមានសុវត្ថិភាព នៅឯណា?» ខណៈករណីចោរលួចកាត់ស័ង្កសី គាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅតែបន្តកើត មាន បង្កឱ្យអ្នកភូមិរស់នៅក្នុងភាពភ័យខ្លាច និងក្តីបារម្ភយ៉ាងខ្លាំង។

 

ជាក់ស្តែង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មានករណីចោរធ្វើសកម្មភាពកាត់ស័ង្កសី និងគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ព័ត៌មាននេះ ទទួលពីប្រភពប្រជាពលរដ្ឋ និងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

 

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភថា ប្រសិនបើសកម្មភាពលួចបែបនេះនៅតែបន្តកើតមានដោយគ្មានការបង្ក្រាបឱ្យមានប្រសិទ្ធភាព នោះអារម្មណ៍សុវត្ថិភាពក្នុងការរស់នៅនឹងកាន់តែធ្លាក់ចុះ ហើយទំនុកចិត្តរបស់ពលរដ្ឋចំពោះការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក៏អាចរងផលប៉ះពាល់ផងដែរ។

 

សាធារណជនសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ ពន្លឿនការស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងពង្រឹងវិធានការការពារសន្តិសុខនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីស្តារទំនុកចិត្ត និងធានាថា ប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីសុខ និងសុវត្ថិភាពពិតប្រាកដ។

 

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការទប់ស្កាត់បទល្មើសទ្រព្យសម្បត្តិ ព្រោះសន្តិសុខរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម និងជារង្វាស់ដ៏សំខាន់មួយនៃប្រសិទ្ធភាពការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print