ភ្នំពេញ៖ រថយន្តកូរ៉េ១តោនកន្លះដឹកមាន់ពេញបានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង រងការខូចខាតទាំងរថយន្តនិងសម្បត្តិសាធារណៈ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ករណីបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលខ៦A ក្បែររង្វង់មូលជ្រោយចង្វាខាងកើត ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៌មានជុំវិញពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺមានរថយន្តបង្កខាងលើម៉ាក កូរ៉េ១តោនកន្លះ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AK-6430 ដោយមានដឹកមាន់ពេញរថយន្តហើយបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនបានបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង និងចាក់មាន់ចោលពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនិងអ្នកបើកបរក្នុងរថយន្ត។
ក្រោយកើតហេតុភ្លាមៗមាន់ដែលធ្លាក់រាយពេញផ្លូវនោះត្រូវបានកម្មករនិងតៃកុងរថយន្តលើកយកចេញពីផ្លូវដាក់អែបចញ្ចើមផ្លូវ និងទំនាក់ទំនងយករថយន្តផ្សែងទៀតមកដឹក ដើម្បីយកទៅឲ្យដល់គោលដៅ។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កហេតុនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ