ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានអាវុធវែងម៉ាក AK-47 មួយដើម ត្រូវបានយកទៅប្លុងចោលនៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះពិនិត្យទីតាំង និងដកហូតបានអាវុធ AK-47 ចំនួន១ដើម បង់១ និងគ្រាប់ចំនួន៧គ្រាប់ រួចបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។
ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥នាក់ រួមមាន បុរសជនជាតិចិន៣នាក់ និងនារីជនជាតិខ្មែរ២នាក់ ព្រមទាំងដកហូតបានអាវុធខ្លីម៉ាក SUR-M9 ចំនួន១ដើម បង់១ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ទូរស័ព្ទដៃ ម៉ូតូ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
តាមការស្រាវជ្រាវ និងសាកសួរ សមត្ថកិច្ចជំនាញបានរកឃើញថា ជនសង្ស័យជនជាតិចិនចំនួន ២នាក់ មានតម្រុយពាក់ព័ន្ធនឹងករណីប្លុងអាវុធខុសច្បាប់ខាងលើ ខណៈមនុស្ស៣នាក់ទៀត ពុំរកឃើញមានការពាក់ព័ន្ធនឹងបទល្មើសនេះឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមច្បាប់ ៕
ដោយ៖ សុរិយា










