ទូតកម្ពុជា ប្រចាំនៅកូរ៉េ ជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Asiana Airlines ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប

ចែករំលែក៖

ទីក្រុងសេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយ លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នៅទីស្នាក់កណ្តាលក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ និងជំរុញកំណើនទេសចរណ៍។

 

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុលអំពីស្ថានភាពនៃការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះសេវាកម្មរបស់ Asiana Airlines ដែលទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

 

ទន្ទឹមនឹងនោះ លោកបានស្នើឱ្យក្រុមហ៊ុនពិចារណាបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិ ដែលមានបំណងមកទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។

 

ជាការឆ្លើយតប លោក Song Bo Young បានសម្តែងការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរាជទូត ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាពលើការរៀបចំជើងហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយនេះ នាពេលអនាគត។

...

 

សូមជម្រាបជូនថា ក្នុងជំនួបនេះត្រូវបានរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើនលំហូរទេសចរ និងពាណិជ្ជករពីសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print