ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា បុរសម្នាក់ដែលប៉ុនប៉ងចាប់ក្មេងស្រីអាយុ១១ ឆ្នាំរំលោភមិនបានសម្រេច ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ជនសង្ស័យឈ្មោះ សេង អាន ហៅ សាន អាយុ៣៧ឆ្នាំ ។
សូមរំលឹកថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានរួចផុតពីការប៉ុនប៉ងរំលោភ បន្ទាប់ពីបានតស៊ូខាំដៃជនសង្ស័យ និងស្រែកហៅអ្នកជិតខាងឱ្យជួយ រហូតធ្វើឱ្យជនបង្ករត់គេចខ្លួន បន្សល់ទុកសម្ភារៈមួយចំនួននៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង ២០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅពេលកើត ហេតុ ក្មេងស្រីរងគ្រោះកំពុងនៅផ្ទះតែម្នាក់ឯង ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូម៉ាក Honda ពណ៌ខ្មៅ (មិនស្គាល់ស៊េរី និងស្លាកលេខ) ចូលមកផ្ទះ ដោយអះអាងថា មកយកលុយដែលម្ដាយរបស់ក្មេងស្រីជំពាក់។
ក្រោយជនរងគ្រោះបដិសេធថា ម្ដាយមិនបានជំពាក់អ្នកណាទេ ជនសង្ស័យបានប្ដូរលេសថា មកតភ្លើង និងបបួលឱ្យក្មេងស្រីទៅមើលប្រព័ន្ធភ្លើងនៅបន្ទប់ទឹក។ នៅពេលក្មេងស្រីប្រាប់ថា ផ្ទះមិនមានការតភ្លើងនោះទេ ជនសង្ស័យក៏បានធ្វើសកម្មភាពខ្ទប់មាត់ ចាប់អូសបង្ខំទៅកាន់បន្ទប់ទឹក។
ទោះជាយ៉ាងណា ក្មេងស្រីបានតស៊ូដោយខាំដៃជនសង្ស័យ និងស្រែកហៅអ្នកជិតខាងឱ្យជួយ។ ភ្លាមៗនោះ អ្នកជិតខាងបានរត់មកដល់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រត់ចេញពីផ្ទះ និងជិះម៉ូតូគេចខ្លួន។
ក្នុងពេលរត់គេចបានជ្រុះសម្ភារៈមួយចំនួនបានធ្លាក់ពីលើម៉ូតូរួមមាន៖
+កាបូបស្ពាយ និងសំបកកង់ម៉ូតូ
ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងដកហូតវត្ថុតាងជាច្រើន រួមមាន៖
-រូបថតស្លៀកពាក់យោធា ៦សន្លឹក
-រូបថតស្ត្រី ១០សន្លឹក
-ឯកសណ្ឋានយោធា (គ្មានផ្លាកឈ្មោះ) ១កំផ្លេ
-មួកយោធា ១
-អាវយឺតដៃវែងពណ៌ខៀវមានមួក ១
-ខោជើងខ្លី ២
-កន្ត្រៃ ១
-វិក្កយបត្របង់ថ្លៃភ្លើង ១សន្លឹក
និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
បច្ចុប្បន្ន អាណាព្យាបាលជនរងគ្រោះបានដាក់ពាក្យបណ្ដឹងជាផ្លូវការ ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងបានកសាងសំណុំរឿងដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សុរិយា










