ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល និងនាំយកអំណោយមនុស្សធម៏សម្តេចតជោ ឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនចំនួន២៥គ្រួសារ ដែលរស់នៅ ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍៥រោច ខែបឋ មាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ «បងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ។ គឺជានិមិត្តរូបនៃលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូ រំដោះជាតិ និងចូលរួមអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ ជូនដល់ប្រជាជាតិកម្ពុជារហូតដល់សព្វថ្ងៃ»។
ថ្លែងក្នុងឱកាសសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ប្រកប ដោយមនោសញ្ចេតនានឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងបារម្ភពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយអត់ឃ្លាន ហើយគ្មានការជួយឧបត្ថម្ភដោះស្រាយនោះឡើយ។
ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ សម្តេចកិត្តិសង្គហបណ្ឌិតក៏នាំបានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ដល់គ្រួសារអតីតយុទ្ធជនទាំង ២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១បេ, មីយើង ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, សារុង ១, ក្រម៉ា ១, អំពូលសឡា២ ថ្នាំពេទ្យ១កញ្ចប់ និង ថវិកា ២០ម៉ឺនរៀល។
ជាការឆ្លើយតបនឹងកាយវិការសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមនេះ ក្រុមគ្រួសារអតីតយុទ្ធជនទាំង២៥គ្រួសាេ បានសម្តែងនូវក្តីរំភើបរីករាយ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនដែលបោះបង់បងប្អូនអតីតយុទ្ធជនចោលក្នុងគ្រាលំ បាកនោះឡើយ ព្រមទាំងបានបួងសួងជូនពរដល់សម្តេច និងថ្នាក់ដឹកនាំទាំងអស់ មានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំ និងជាម្លប់ដល់បងប្អូនអតីតយុទ្ធជនតទៅមុខទៀត៕

ដោយ៖ សំរិត









