ខេត្តកណ្ដាល÷ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង ញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានសម្រេច រួមទាំងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន ៥ កញ្ចប់តូច ខណៈបក្ខពួក ២នាក់ ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ បានធ្វើ ឡើងកាលពីម៉ោង ១៨ និង១០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចព្រៃរបោះមាត់ត្រពាំងទឹក ស្ថិតក្នុងភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនឈ្មោះ តូ សុភ័ក្ត្រ ភេទ ប្រុស អាយុ២៥ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងមានមុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់កកោះ ឃុំសំរោងលើ។ ចំណែកបក្ខពួក ២នាក់ ទៀតដែលកំពុងរត់គេចខ្លួនរួម មានឈ្មោះ ហឿន សុខេន ភេទប្រុស អាយុ៣៦ឆ្នាំ រស់ នៅភូមិមង្គលបូរី និងឈ្មោះ ខ្លឹង ប៊ុនឡេង ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិសេរីសុខា ឃុំដំណាក់អំពិល។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់តូច (ទម្ងន់ ១,៦២ក្រាម) ទូរស័ព្ទដៃ ១គ្រឿង រួម និងសម្ភារៈប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ចេញល្បាតនៅ ក្នុងភូមិសាស្ត្រ។ លុះពេលល្បាតមកដល់ចំណុចកើត ហេតុ កម្លាំងក៏បានប្រទះឃើញជនសង្ស័យឈ្មោះ តូ សុភ័ក្ត្រ កំពុងឈរក្នុងព្រៃរបោះមាត់ត្រពាំងទឹក។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានស្ទុះរត់គេចខ្លួនរហូតដល់ផ្លូវបេតុងចូលភូមិមង្គលបូរី ទើបត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបាន និងត្រួតពិនិត្យរកឃើញវត្ថុតាងថ្នាំញៀនលាក់ទុកជាប់នឹងខ្លួនតែម្ដង។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន ៥កញ្ចប់តូច នេះពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញក្នុងតម្លៃ ១០ម៉ឺនរៀល ពីឈ្មោះ ហឿន សុខេន និងឈ្មោះ ខ្លឹង ប៊ុនឡេង ដើម្បីយកទៅលក់បន្ត និងប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាដែលរត់គេចខ្លួន៕
ដោយ៖ សុរិយា










