Real Madrid បានប្រកាសចុះហត្ថលេខានាំយកខ្សែការពារស្លាបស្តាំ Denzel Dumfries ពី Inter Milan ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
ទោះបីក្លិបមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែមានសេចក្តីរាយការណ៍ថា Real Madrid បានបង់ថ្លៃផ្តាច់កិច្ចសន្យារបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ដែលមានតម្លៃ ២០ លានអឺរ៉ូ (ប្រហែល ១៧,១ លានផោន)។
Dumfries គឺជាកីឡាករថ្មីទី ៤ របស់ Real Madrid នៅទីផ្សារដោះដូររដូវក្តៅនេះ បន្ទាប់ពី Marc Cucurella, Bernardo Silva និង Ibrahima Konaté ហើយគេនឹងប្រកួតប្រជែងដណ្តើមតំណែងជម្រើសដំបូងជាមួយខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold។
Dumfries បានចូលរួមជាមួយ Inter Milan ពី PSV Eindhoven កាលពីឆ្នាំ ២០២១ និងបានជួយក្លិបឈ្នះពានលីគ Serie A ចំនួន ២ លើក និងពាន Coppa Italia ចំនួន ៣ លើក។
អំឡុងពេលលេងឱ្យ Inter Milan គេបង្ហាញខ្លួនសរុប ២០៧ ប្រកួត រកបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២៨ លើក។ រូបគេក៏បានជួយក្រុមជម្រើសជាតិ ហូឡង់ ឡើងដល់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះផងដែរ។
Real Madrid បានបញ្ចប់រដូវកាលមុនដោយគ្មានពានរង្វាន់ណាមួយ ហើយប្រធានក្លិប Florentino Pérez បានសន្យាថានឹងពង្រឹងតំបន់ការពាររបស់ក្រុមក្នុងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក។ ក្លិបក៏បានតែងតាំង លោក José Mourinho ឱ្យត្រឡប់មកដឹកនាំក្រុមជាលើកទីពីរផងដែរ៕










