ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (ABU Robocon 2026) និងពិធីប្រគល់ពានរង្វាន់ជូនដល់អ្នកទទួលជ័យលាភី ដោយមានការញ្ជើញចូលរួមសំខាន់ៗពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតរ៉ូបូត កម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest) នាពេលខាងមុខ។
ការប្រកួតនេះ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុស និងលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍កាន់តែច្រើន។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជ័យលាភីលេខ១ និងលេខ២ បានទៅលើក្រុមមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ខណៈលេខ៣ បានទៅលើក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
ការប្រកួតរ៉ូបូតថ្នាក់ជាតិ ឆ្នាំ២០២៦នេះ មានការចូលរួមពីសិស្ស-និស្សិតចំនួន ៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសចំនួន ៥ រួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦៕
ដោយ៖តារា










