ខ្សែប្រយុទ្ធ Folarin Balogun នឹងអាចចូលលេងឱ្យក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃ FIFA World Cup 2026 ទល់នឹង បែលហ្ស៊ិក បន្ទាប់ពី FIFA បានសម្រេច ផ្អាកការពិន័យព្យួរមួយប្រកួត របស់គេ។
Balogun វ័យ 25 ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អាមេរិកក្នុងការប្រកួតនេះ ដោយរកបាន 3 គ្រាប់ ត្រូវបានអាជ្ញាកណ្តាលឱ្យ កាតក្រហមផ្ទាល់ ពីបទបង្កកំហុសលើខ្សែការពារ Tarik Muharemovic របស់បូស្ន៊ី-ហឺហ្សេហ្គូវីណា ក្នុងការប្រកួតដែលអាមេរិកឈ្នះ 2-0 នៅវគ្គ 32 ក្រុមចុងក្រោយ។
FIFA បានបញ្ជាក់ថា ការពិន័យព្យួរមួយប្រកួតដោយស្វ័យប្រវត្តិ ត្រូវបានផ្អាករយៈពេល 1 ឆ្នាំ។
ស្ថាប័នបាល់ទាត់ពិភពលោក មិនបានបញ្ជាក់មូលហេតុលម្អិតនៃការសម្រេចចិត្តនេះឡើយ ក្រៅពីយោងទៅលើបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យអាចផ្អាកការអនុវត្តទណ្ឌកម្មបាន។
សមាគមបាល់ទាត់បែលហ្ស៊ិក (RBFA) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ និងបានប្រកាសថា កំពុង ពិនិត្យមើលជម្រើសផ្លូវច្បាប់ទាំងអស់ ដើម្បីឆ្លើយតប។
នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានឱ្យដឹងថា៖ «អនុលោមតាមមាត្រា 27 នៃក្រមវិន័យ FIFA ការអនុវត្តទណ្ឌកម្មព្យួរប្រកួត ត្រូវបានផ្អាកក្នុងរយៈពេលសាកល្បង 1 ឆ្នាំ»។
FIFA ក៏បានបន្ថែមថា៖ «ប្រសិនបើ Folarin Balogun ប្រព្រឹត្តកំហុសប្រភេទ និងកម្រិតធ្ងន់ស្រដៀងគ្នាម្តងទៀត ក្នុងអំឡុងពេលសាកល្បង 1 ឆ្នាំនេះ ការផ្អាកទណ្ឌកម្មនឹងត្រូវលុបចោល ហើយការពិន័យនោះនឹងត្រូវអនុវត្តភ្លាមៗ បន្ថែមលើទណ្ឌកម្មថ្មីដែលអាចត្រូវបានដាក់»។
ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្ហោះសារនៅលើបណ្តាញ Truth Social ដោយអរគុណ FIFA ចំពោះការសម្រេចចិត្តនេះ។
លោកបានសរសេរថា៖ «សូមអរគុណ FIFA ដែលបានធ្វើអ្វីដែលត្រឹមត្រូវ និងបានកែតម្រូវអំពើអយុត្តិធម៌ដ៏ធំមួយ! – ប្រធានាធិបតី DONALD J. TRUMP»។
ភាពច្របូកច្របល់ជុំវិញប្រព័ន្ធពិន័យកាតក្រហម៖ Trump, FIFA និង
ការសម្រេចចិត្តលើ Balogun
អស់រយៈពេលជាយូរមកហើយ មានច្បាប់មួយដែលគ្រប់គ្នាយល់ដូចគ្នាក្នុងការប្រកួតបាល់ទាត់ពិភពលោក៖ បើកីឡាករទទួលកាតក្រហម គេនឹងត្រូវព្យួរមិនឱ្យលេងការប្រកួតបន្ទាប់ដោយស្វ័យប្រវត្តិ។
គ្មានការលើកលែង គ្មានការប្តឹងឧទ្ធរណ៍។
ប៉ុន្តែការសម្រេចចិត្តលុបចោលការពិន័យកាតក្រហមរបស់ខ្សែប្រយុទ្ធ Folarin Balogun របស់សហរដ្ឋអាមេរិក បានបង្កឱ្យមានសំណួរជាច្រើន។
Balogun ត្រូវបានបណ្តេញចេញក្នុងការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ដែលអាមេរិកយកឈ្នះបូស្ន៊ី-ហឺហ្សេហ្គូវីណា។ ប៉ុន្តែឥឡូវនេះ គេត្រូវបានអនុញ្ញាតឱ្យចូលលេងក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ទល់នឹងបែលហ្ស៊ិក នៅថ្ងៃចន្ទ។
ក្នុងប្រវត្តិសាស្ត្រ World Cup មានកាតក្រហមសរុប ១៨៩ ដង ហើយមានតែកីឡាករ ២ នាក់ប៉ុណ្ណោះ ដែលមិនបានជាប់ពិន័យព្យួរប្រកួតបន្ទាប់។
ករណីមុនកើតឡើងនៅឆ្នាំ 1962 នៅពេល Garrincha របស់ប្រេស៊ីល ត្រូវបានបណ្តេញចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងឈីលី ប៉ុន្តែគេនៅតែបានចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ ទល់នឹងឆេកូស្លូវ៉ាគី។
ទោះជាយ៉ាងណា នៅសម័យនោះ មិនទាន់មានច្បាប់ព្យួរប្រកួតដោយស្វ័យប្រវត្តិទេ ដោយគណៈកម្មាធិការវិន័យរបស់ FIFA ជាអ្នកសម្រេច បន្ទាប់ពីស្តាប់របាយការណ៍ពីអាជ្ញាកណ្ដាល។
ការសម្រេចចិត្តរបស់ FIFA ក្នុងឆ្នាំ 1962 ត្រូវបានចោទប្រកាន់ថា មានការជ្រៀតជ្រែកផ្នែកនយោបាយ។ ហើយពេលនេះ ក៏មានការសង្ស័យថា រឿងដូចគ្នាអាចកើតឡើងម្ដងទៀត។
ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាង សេតវិមាន (White House) និង FIFA មនុស្សជាច្រើនកំពុងចោទសួរថា ហេតុអ្វីបានជា FIFA ធ្វើការសម្រេចចិត្តដ៏មិនធម្មតានេះ ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមម្ចាស់ផ្ទះរួម សហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍ជាច្រើនបានអះអាងថា ប្រធានាធិបតីអាមេរិក Donald Trump បានទូរស័ព្ទទៅប្រធាន FIFA Gianni Infantino កាលពីដើមសប្តាហ៍នេះ ដើម្បីស្នើឱ្យពិនិត្យឡើងវិញលើកាតក្រហមរបស់ Balogun។
ទោះជាយ៉ាងណា BBC មិនទាន់អាចបញ្ជាក់ព័ត៌មាននេះបាននៅឡើយទេ។
ការសម្រេចចិត្តនេះក៏បង្កជាសំណួរថ្មីៗផ្នែកបាល់ទាត់ផងដែរ៖
ហេតុអ្វីបានជា Balogun ត្រូវបានលើកលែង ខណៈកីឡាករ ១១ នាក់ផ្សេងទៀតដែលទទួលកាតក្រហមក្នុង World Cup លើកនេះ សុទ្ធតែត្រូវព្យួរមួយប្រកួត?
តើករណីនេះនឹងក្លាយជាគំរូថ្មី ដែលធ្វើឱ្យក្រុមជាច្រើនដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីស្នើកាត់បន្ថយការពិន័យ សូម្បីតែកាតក្រហមត្រឹមត្រូវតាមច្បាប់?
នៅពេលការផ្សាយផ្ទាល់បង្ហាញថា “នឹងខកខានការប្រកួតបន្ទាប់” បន្ទាប់ពីកីឡាករទទួលកាតក្រហម តើយើងនៅអាចជឿជាក់លើរឿងនេះបានទៀតឬទេ?
ករណី Balogun បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង និងអាចមានផលប៉ះពាល់ដល់ការអនុវត្តច្បាប់វិន័យរបស់ FIFA នាពេលអនាគត៕










