Update : សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ 

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ ចំនួន១,០២៦នាក់ ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅទីរួមខេត្តក្រចេះ។

 

នេះជាបេសកកម្មលើកទី១៦ និងចំនួន១៩ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន និងខេត្តក្រចេះ នាថ្ងៃនេះ។

 

តាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ គឺស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន មានចម្ងាយពីរាជធានីភ្នំពេញ៣៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧៣ កាត់តាមស្រុកឆ្លូង និងចម្ងាយ ២២០គីឡូម៉ែត្រ តាមផ្លូវទឹកទន្លេមេគង្គ។ ក្រចេះមានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ខេត្តក្រចេះមានការដាំដុះដំណាំកសិកម្ម កសិឧស្សាហកម្ម និងមានតំបន់ធម្មជាតិបង្កើតបានជារមណីយដ្ឋានទេសចរណ៍ទៀតផង។ ទាក់ទងទៅនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ នៅឆ្នាំនេះ ប្រជាជនខេត្តក្រចេះអបអរសាទរចំពោះសមិទ្ធផលស្ពានឆ្លងកាត់ទន្លេមេគង្គ គឺស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ ដែលជាមរតកដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ រួមទាំងផ្លូវតភ្ជាប់សម្រាប់បម្រើវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចនៅក្នុងខេត្តក្រចេះ និងឆ្ពោះទៅកាន់ខេត្តផ្សេងៗទៀត។

 

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

 

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តក្រចេះនាថ្ងៃនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

 

សម្តេចតេជោក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន។ សម្តេចបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

 

មានប្រសាសន៍ពីទឹកដីនៃខេត្តក្រចេះ ក្នុងពិធីសំណេះសំណាលនេះផងដែរ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះគ្រូបង្រៀន និងមន្ត្រីអប់រំដែលចូលនិវត្តន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ព្រោះគ្រូបង្រៀនក៏មានសមាគមគ្រូបង្រៀនដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។

 

សម្ដេចបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

 

សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ពិសេសតំបន់ការពារព្រៃឡង់ ក្នុងខេត្តទាំង៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន និងត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់នោះទេ។

 

ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តក្រចេះ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print