ខេត្តកណ្តាល៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមបានយករូបភាព ម៉ូតូពាក់ស្លាកលេខ នគរបាល 1A-1990 ក្លែងបន្លំ បំពាក់ម៉ូតូផ្ទាល់ខ្លួនបង្ហោះចែកចាយធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសរសេរផ្លាកបិទនៅធុងម៉ូតូខាងក្រោយថា «រត់ម៉ូតូឌុបតម្លៃសមរម្យអោយប៉ុន្មានយកប៉ុណ្ណឹង»។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណបុគ្គលដែលបានក្លែងបន្លំ ស្លាកលេខ ម៉ូតូខាងលើ បានឲ្យដឹងថា ៖
ចំពោះស្លាកលេខ នគរបាល 1A-1990 ជាស្លាកលេខ បំពាក់ម៉ូតូអគ្គិសនីរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
តាមការបំភ្លឺរបស់ឈ្មោះ ចាន់ ដារុន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២.០៨.២០២៥ ខ្លួនបានទិញម៉ូតូមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ 1LT-4435 ក្នុងតម្លៃ $៧០០(ប្រាំពីរយដុល្លារ) លុះក្រោយមកខ្លួនបានស្គាល់ បុគ្គលម្នាក់ (មិនចាំឈ្មោះ) បានលក់ស្លាកលេខ នគរបាល 1A-1990 ក្លែងបន្លំ ឲ្យខ្លួនក្នុងតម្លៃ ១២០,០០០៛ (ដប់ពីរម៉ឺនរៀល) ពេលនោះខ្លួនបានផ្លាស់ប្តូរស្លាកលេខម៉ូតូ ពីស្លាកលេខស៊ីវិល មកស្លាកលេខ នគរបាល វិញទៅ ហើយមូលហេតុដែលខ្លួនផ្លាស់ប្តូរ ស្លាកលេខម៉ូតូដូចនេះ ដោយសារខ្លួនស្រឡាញ់។
គួរបញ្ជាក់ថា មន្រ្តីជំនាញបានទំនាក់ទំនងតេទូរស័ព្ទទៅសមាជិកក្រុមគ្រួសារបុគ្គលខាងលើ បានឲ្យដឹងថា ឈ្មោះ ចាន់ ដារុន គាត់មានបញ្ហាសតិស្មារតី។
ចំណាត់ការ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដកហូតស្លាកលេខម៉ូតូខាងលើ មិនអនុញ្ញាតឲ្យបំពាក់លើម៉ូតូបន្តទៀតនោះទេ រួចបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!
ដោយ៖តារា










