ចិនសាកល្បងជោគជ័យការបាញ់តេស្តមីស៉ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៉ីហ្វិក

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកចិន បានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃចន្ទនេះ ខណៈបណ្តាប្រទេសនៅក្នុងតំបន់ បាននាំគ្នាចេញមុខប្រតិកម្ម។

អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ទី៦ ខែកក្កដានេះ នាវាមុជទឹកយុទ្ធសាស្រ្តមួយគ្រឿងរបស់កងទ័ពជើងទឹកចិន បានបាញ់ដោយជោគជ័យនូវមីស៉ីលយុទ្ធសាស្រ្ត១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៉ីហ្វិក ហើយវាបានធ្លាក់ចំទីតាំងផ្ទៃសមុទ្រដែលត្រូវបានកំណត់ទុក។ Wang បានបន្ថែមថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំរបស់ចិន ហើយបណ្តាប្រទេសពាក់ព័ន្ធ ត្រូវបានផ្តល់ដំណឹងជាមុន។
ការបាញ់តេស្តមីស៉ីលខាងលើ គឺចំថ្ងៃតែមួយដែលចិននិងរុស្ស៉ី ត្រូវចាប់ផ្តើមការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅក្បែរទីក្រុង Qingdao នៅភាគខាងកើតប្រទេសចិន។ ភ្លាមៗវាមិនច្បាស់នោះទេ ថាតើការធ្វើតេស្តនោះ ជាផ្នែកនៃសមយុទ្ធឬយ៉ាងណា។ ក្រុមប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ដូចជាប៉ាពូអាស៉ីនូវែលហ្គីណេ និងនូវែលសេឡង់ បានឱ្យដឹងថា ពួកគេត្រូវបានចិនជូនដំណឹងជាមុន អំពីគម្រោងបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ខណៈអូស្រ្តាលីនិងជប៉ុន បាននាំគ្នាបង្ហាញក្តីកង្វល់ ជុំវិញការធ្វើតេស្តមីស៉ីលរបស់ចិន។
កាលពីខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងរ៉ុក្កែតចិន ធ្លាប់បានបាញ់តេស្តក្បាលគ្រាប់សិប្បនិម្មិត១គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រក្បែរដែនដី French Polynesia ដែលស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសបារាំង។ វាគឺជាការបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយលើកដំបូង នៅលើដែនទឹកអន្តរជាតិ គិតក្នុងរយៈពេលជាង៤០ឆ្នាំ។ នាពេលនោះ ក្រុមអ្នកវិភាគបានលើកឡើងថា វាទំនងជាមីស៉ីលទំនើប Dong Feng-31 របស់ចិន ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកម្លាំងខ្លាំង៕

...

រូប​ថត​:tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print