ទីក្រុងហ្សឺណែវ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ៤០០០នាក់ បានជួបជុំគ្នាក្នុង “ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក Antonio Gutierres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសអែលសាលវ៉ាដ័រនិងអេស្តូនីជាសហប្រធាន។
បញ្ញាសិប្បនិម្មិតមានសក្ដានុពលធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវហានិភ័យជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រឯករាជ្យអន្តរជាតិលើបញ្ញាសិប្បនិម្មិត ដែលមានសមាជិក ៤០រូប ជាអ្នកជំនាញមកពីជុំវិញពិភពលោក បានរាយការណ៍ជូនតំណាងរដ្ឋសមាជិក នូវលទ្ធផលនៃការសិក្សារបស់ខ្លួនអំពីបញ្ញាសិប្បនិម្មិត ដោយបង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រង ហើយសមត្ថភាពនេះប្រមូលផ្ដុំក្នុងប្រទេសមួយចំនួនតូច ខណៈផលប៉ះពាល់អាចជះឥទ្ធិពលដល់គ្រប់ប្រទេសជុំវិញពិភពលោក។
គណៈវិទ្យាសាស្ត្រអំពាវនាវឱ្យបណ្ដារដ្ឋសមាជិកធ្វើការសម្រេចចិត្តជានយោបាយឱ្យបានរួសរាន់ ដើម្បីធានាថាបញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍របស់មនុស្សជាតិ។
ក្នុងនាមតំណាងកម្ពុជា លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងដោយផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
(១) អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវផ្ដោតលើការគាំទ្រសក្ដានុពលវិជ្ជមាន ដើម្បីជំរុញនវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ និងកសាងទំនុកចិត្ត។
(២) ដើម្បីកសាងទំនុកចិត្ត អភិបាលកិច្ចត្រូវឆ្លើយតបនឹងហានិភ័យ ឆ្លើយតបទាន់សភាពការណ៍ និងសំឡឹងមើលទៅមុខ ដោយត្រូវទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។
(៣) ស្របតាមនិន្នាការអាស៊ាន កម្ពុជានឹងធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយឈរលើគោលការណ៍ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋជាដៃគូដ៏សំខាន់។
(៤) សហគមន៍អន្តរជាតិត្រូវសហការលើការកសាងសមត្ថភាពជូននិយ័តករ ចែករំលែកព័ត៌មាន អំពីការវិវឌ្ឍថ្មីៗ និងចែករំលែកបទពិសោធនិយ័តកម្មនិងការតាមដានឧប្បត្តិហេតុបញ្ញាសិប្បនិម្មិត។
និង(៥) កម្ពុជាអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសហការយ៉ាងពិតប្រាកដជាមួយបណ្ដារដ្ឋាភិបាល ដើម្បីធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត៕
ដោយ៖តារា










