ខេត្តស្វាយរៀង: គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ បង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី និងសំណង់ផ្ទះល្វែង CK ឃាត់ជនបរទេសសង្ស័យចំនួន ១២នាក់ ស្ថិតនៅ សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី និងសំណង់ផ្ទះល្វែង CK ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះ មានការចូលរួមពី លោកស្នងការរងខេត្ត លោកអភិបាលរងក្រុង លោកអធិការក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋាន អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង លោកអនុប្រធានភូមិ និងជំនួយការភូមិតាពៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងក្រុមការងាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
ជាលទ្ធផលរួមនៃការចុះអនុវត្តវិធានការច្បាប់លើទីតាំងសរុបទាំង ០៥ កម្លាំងចម្រុះបានរកឃើញជនបរទេសសរុបចំនួន ១២នាក់ ភេទស្រី ០៤នាក់ មាន ០២សញ្ជាតិ ក្នុងនោះរួមមានជនជាតិវៀតណាមចំនួន ១០នាក់ ភេទស្រី ០៣នាក់ ហ្នឹងជនជាតិចិនចំនួន ០៣នាក់ ភេទស្រី ០១នាក់។ ជាមួយគ្នានោះ កម្លាំងចម្រុះបានធ្វើការដកហូតវត្ថុតាងសរុបរួមមាន កុំព្យូទ័រ All in one ចំនួន ១១គ្រឿង កុំព្យូទ័រលើតុ ចំនួន ០១គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ០៩គ្រឿង (ម៉ាក Apple ០២គ្រឿង) ទូរសព្ទដៃចម្រុះនិងទូរសព្ទដៃផ្ទាល់ខ្លួនសរុបចំនួន ៤០គ្រឿង លិខិតឆ្លងដែន ចំនួន ១០ក្បាល រថយន្តម៉ាក Mercedes Benz C300 ពណ៌ស ស្លាកលេខ ភ្នំពេញ BY-1083 ចំនួន ០១គ្រឿង ព្រមទាំងប្រាក់ដុល្លារអាមេរិកសរុបចំនួន ៨៩,០៥០$។
បច្ចុប្បន្ន ជនបរទេសសង្ស័យចំនួន ១២នាក់ ដែលរកឃើញនៅក្នុងទីតាំងសង្ស័យទាំង ០៤ ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ចំណែកឯទីតាំងទាំង ០៤នោះ ត្រូវបានសម្រេចបិទជាបណ្តោះអាសន្ន។










