Messi បង្ហាញភាពអស្ចារ្យជួយសង្គ្រោះអាហ្សង់ទីន និងបន្តក្ដីសុបិន World Cup

ចែករំលែក៖

Lionel Messi បានស្រក់ទឹកភ្នែកភ្លាមៗបន្ទាប់ពីសំឡេងផ្លុំកញ្ចែបញ្ចប់ការប្រកួត ខណៈមិត្តរួមក្រុមអាហ្សង់ទីនបានចូលមកលួងលោមគាត់។ ប្រធានក្រុមរូបនេះហាក់ដូចជាដឹងថា ក្ដីសុបិនឈ្នះ FIFA World Cup របស់គាត់ស្ទើរតែបញ្ចប់ទៅហើយ ក្នុងការប្រកួតដែលគាត់ខកខានបាល់ពិន័យ ១១ ម៉ែត្រ មុននឹងស៊ុតគ្រាប់បាល់តាមស្មើដ៏សំខាន់នៅចុងម៉ោង។

អាហ្សង់ទីនត្រូវ អេហ្ស៊ីប នាំមុខ ២-០ នៅសល់ជាង ១០ នាទីប៉ុណ្ណោះ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅកីឡដ្ឋាន Atlanta Stadium។ ប៉ុន្តែក្រុមការពារតំណែងជើងឯកបានវាយបកយ៉ាងអស្ចារ្យ ក្នុងការប្រកួតដែលអ្នកគាំទ្រនឹងចងចាំជាយូរអង្វែង ខណៈ Messi បានបង្ហាញទាំងភាពរឹងមាំ និងភាពជាមនុស្សធម្មតារបស់គាត់។

ការប្រកួតចាប់ផ្តើមដោយ Messi មានទឹកមុខស្ងប់ស្ងាត់ និងញញឹមដាក់កាមេរ៉ា ព្រមទាំងព្រិចភ្នែកដាក់កុមារដែលអមកីឡាករ មុនចូលទីលាន។ ប៉ុន្តែការប៉ះបាល់ដំបូងរបស់គាត់ជាការបញ្ជូនបាល់ខុស ហើយនៅពេលអេហ្ស៊ីបរកបានគ្រាប់បើកឆាក អាហ្សង់ទីនក៏ត្រូវតាមពីក្រោយជាលើកដំបូងក្នុង World Cup លើកនេះ។

អាហ្សង់ទីនមានឱកាសល្អបំផុតក្នុងការតាមស្មើ បន្ទាប់ពីទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ត្រឹម ៦ នាទីក្រោយគ្រាប់បើកឆាក។ ទោះជាយ៉ាងណា Messi ស៊ុតមិនបានល្អ ហើយអ្នកចាំទីអេហ្ស៊ីបសង្គ្រោះបាន។ វាធ្វើឱ្យ Messi ក្លាយជាកីឡាករដំបូងដែលខកខានបាល់ពិន័យពីរលើកក្នុង World Cup តែមួយ (មិនរាប់បញ្ចូលការស៊ុតកាត់សេចក្ដី)។

មុននេះ Messi ក៏ធ្លាប់ខកខានបាល់ពិន័យក្នុងការប្រកួតជាមួយ អូទ្រីស ផងដែរ ប៉ុន្តែគាត់នៅតែស៊ុតបាន ២ គ្រាប់ក្នុងជ័យជម្នះ ២-០ បន្ទាប់ពីរកបាន Hat-trick ទល់នឹងអាល់ហ្សេរី។

ឥឡូវនេះ Messi វ័យ ៣៩ ឆ្នាំ បានបំបែកកំណត់ត្រា World Cup របស់ Miroslav Klose រួចទៅហើយ ហើយគ្រាប់បាល់តាមស្មើទល់នឹងអេហ្ស៊ីប គឺជាគ្រាប់ទី ២១ របស់គាត់ក្នុង World Cup និងជាការរកគ្រាប់បាល់ក្នុង ៩ ប្រកួត World Cup ជាប់ៗគ្នា។

Messi ក៏ជាមនុស្សធម្មតា

ការលេងរបស់ Messi ក្នុងតង់ទី១ មិនស្ថិតក្នុងកម្រិតល្អបំផុតនោះទេ។ គាត់បានស៊ុត Free-kick បុកបង្គោលទី ហើយពិបាកទម្លុះខ្សែការពារដ៏មានវិន័យរបស់អេហ្ស៊ីប។

នៅពេលមួយ អាហ្សង់ទីនដណ្តើមបាល់បាន និងត្រៀមវាយបកលឿន ប៉ុន្តែ Karim Hafez បានចូលកាត់បាល់ពី Messi មុនពេលគាត់ទទួលបាល់។

Messi ក៏មានការស៊ុតមួយលើសរបារយ៉ាងឆ្ងាយ ខណៈអ្នកគាំទ្ររំពឹងថាគាត់នឹងបង្ហាញទម្រង់លេងល្អជាងនេះក្នុងតង់ទី២។ប៉ុន្តែអេហ្ស៊ីបបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលម្ដងទៀត។

Mostafa Zico មានគ្រាប់បាល់មួយត្រូវបាន VAR ច្រានចោល ប៉ុន្តែអាហ្សង់ទីនមិនបានរៀនពីមេរៀននោះឡើយ ហើយ Zico ក៏ជួយឱ្យអេហ្ស៊ីបរកបានគ្រាប់ទី២។

បន្ទាប់មក Cristian Romero រកបានមួយគ្រាប់ បង្កើតក្តីសង្ឃឹមឡើងវិញ មុនដែល Messi រកបានគ្រាប់តាមស្មើ។

ក្នុងស្ថានភាពច្របូកច្របល់ក្នុងតំបន់គ្រោះថ្នាក់ Julián Álvarez បញ្ជូនបាល់ឱ្យ Messi ដែលស៊ុត Half-volley យ៉ាងអស្ចារ្យ។ អ្នកចាំទីអេហ្ស៊ីបបានប៉ះបាល់ ប៉ុន្តែមិនអាចរារាំងវាបាន។

Messi រត់អបអរយ៉ាងរំភើប លោតឡើង និងក្តាប់ដៃបង្ហាញភាពរីករាយ ដែលជាការអបអរដ៏មានអារម្មណ៍ខ្លាំងបំផុតរបស់គាត់ក្នុង World Cup លើកនេះ។

ខ្សែប្រយុទ្ធ Julián Álvarez បាននិយាយថា៖ “Leo (Messi) នៅតែបង្ហាញថាគាត់ជាវីរបុរសដ៏អស្ចារ្យ ហើយយើងមានមោទនភាពដែលបានលេងជាមួយគាត់។ ជាធម្មតាខ្ញុំមិនសូវបង្ហាញអារម្មណ៍ទេ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជារំភើបខ្លាំង។”

មុននេះ អាហ្សង់ទីនក៏ជួបការលំបាកពី Cape Verde ក្នុងវគ្គមុន ដោយត្រូវការគ្រាប់ Own Goal ក្នុងម៉ោងបន្ថែមដើម្បីឈ្នះ។

...

ប៉ុន្តែអេហ្ស៊ីបបានផ្តល់ការប្រកួតដែលលំបាកជាង និងធ្វើឱ្យក្រុមការពារជើងឯកភ័យស្លន់ស្លោជាងមុន។ បទពិសោធន៍នេះអាចក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់ Messi និងមិត្តរួមក្រុម ខណៈពួកគេបន្តដំណើរការការពារតំណែងជើងឯក ដោយនឹងត្រូវជួប ស្វីស ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print