ភាគីចិនប្តេជ្ញាបន្តជំរុញ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ឱ្យកាន់តែមានលទ្ធផលជាក់ស្តែង ដើម្បីឧត្តមប្រយោជន៍ប្រជាជនទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ភាគីចិនបានប្រកាសជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការងាររួមគ្នាជាមួយភាគីកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ឱ្យទទួលបានលទ្ធផលជាក់ស្តែងកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងបង្កើតជាគំរូក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

 

ការបញ្ជាក់ជំហរនេះ ត្រូវបានធ្វើឡើងដោយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

នៅក្នុងសុន្ទរកថានាឱកាសនោះ លោកអគ្គរដ្ឋទូតចិនបានអះអាងថា ភាគីចិននឹងបន្តអនុវត្តនូវរាល់កិច្ចព្រមព្រៀង និងចំណុចឯកភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ការជំរុញច្រករបៀងសេដ្ឋកិច្ចសំខាន់ៗទាំងពីរនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបើកទំព័រថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជិនភីង កាលពីឆ្នាំមុន ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសចិនកាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

 

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការណ៍ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនេះ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា គឺជាមិត្តភាពដែកថែបដែលឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំ និងជាគំរូឈានមុខគេសម្រាប់ទំនាក់ទំនងអន្តរជាតិរវាងប្រទេសធំ និងប្រទេសតូច ដោយឈរលើគោលការណ៍រាប់អានគ្នាដោយស្មើភាព ជឿជាក់គ្នា និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។

 

បន្ថែមពីលើការប្តេជ្ញាចិត្តលើច្រករបៀងសេដ្ឋកិច្ចនាពេលអនាគត លោកអគ្គរដ្ឋទូតក៏បានរំឮកពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយចិនបានជួយសាងសង់ផ្លូវថ្នល់ប្រវែងសរុបជាង ៤,០០០ គីឡូម៉ែត្រ និងស្ពានធំៗចំនួន ១១ ខ្សែនៅកម្ពុជា ដែលលោកបានចាត់ទុកសមិទ្ធផលទាំងនេះថាជា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» យ៉ាងពិតប្រាកដ ក្នុងការចាក់បញ្ចូលនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print