ប្រធានាធិបតីអាមេរិកបានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ បន្ទាប់ពីមានការបាញ់ប្រហារគ្នាចុងក្រោយរវាងប្រទេសទាំងពីរនៅជិតច្រកសមុទ្រ Hormuz។
«ការចរចាជាមួយពួកគេគឺជាការខ្ជះខ្ជាយពេលវេលា» ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃទី 8 ខែកក្កដា នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុង Ankara ប្រទេសទួរគី នៅពេលសួរថាតើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់នៅតែមានសុពលភាពឬអត់។ «ខ្ញុំគិតថាអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ»។
យោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៉ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំង CENTCOM បានបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៉ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz»។
លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក៏បានលើកឡើងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ហើយប្រសិនបើការវាយប្រហារបែបនេះកើតឡើងសាជាថ្មី នោះសហរដ្ឋអាមេរិកនឹងវាយប្រហារកាន់តែខ្លាំងក្លាប្រឆាំងអ៉ីរ៉ង់។ ប៉ុន្តែអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើគោលដៅក្នុងប្រទេសបារ៉ែន និងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារពីសហរដ្ឋអាមេរិក។ អ៉ីរ៉ង់បានព្រមានថា ប្រទេសក្នុងតំបន់ដែលសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅវាយប្រហារពីអ៉ីរ៉ង់៕

រូបថត: AFP









