ម៉ារ៉ុកនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធ Ismael Saibari ដែលបានរងរបួសសរសៃសាច់ដុំភ្លៅ

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិ ម៉ារ៉ុក លោក Mohamed Ouahbi បាននិយាយនៅថ្ងៃពុធថា ក្រុមរបស់លោក មិនមានផែនការពិសេសអ្វីសម្រាប់ការប្រកួតវគ្គ 8 ក្រុមចុងក្រោយជាមួយបារាំងនោះទេ ប៉ុន្តែដឹងថា ពួកគេត្រូវតែប្រកួតឱ្យបានល្អគ្រប់ផ្នែក ដើម្បីអាចប្រជែងជាមួយក្រុមដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពខ្លាំង។

 

ទោះជាយ៉ាងណា ម៉ារ៉ុកនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធ Ismael Saibari ដែលបានរងរបួសសរសៃសាច់ដុំភ្លៅក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ ដែលឈ្នះ កាណាដា។

 

លោក Ouahbi បាននិយាយថា៖

«គាត់មិនទាន់ត្រៀមខ្លួនរួចទេ ប៉ុន្តែខ្ញុំសង្ឃឹមថា នេះមិនមែនជាចុងបញ្ចប់នៃការប្រកួត World Cup សម្រាប់គាត់ឡើយ»។

 

Saibari បានស៊ុតបញ្ចូលទីក្នុងការប្រកួតជុំចែកពូលទាំងបីប្រកួតរបស់ម៉ារ៉ុក ហើយក៏ជាអ្នកស៊ុតបាល់ប៉េណាល់ទីគ្រាប់សម្រេច ក្នុងការបំបាក់ ហូឡង់ ដោយការទាត់បាល់កាត់សេចក្តី។

 

មិនមានយុទ្ធសាស្ត្រលាក់បាំង

 

លោក Ouahbi បានបន្ថែមថា៖

«យើងមិនមានអ្វីត្រូវលាក់បាំងទេ។ ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តបង្កការភ្ញាក់ផ្អើលនោះទេ។ អ្នកដែលបានវិភាគការប្រកួតរបស់យើង នឹងដឹងថា យើងមានគំនិតច្បាស់លាស់អំពីរបៀបលេងរបស់យើង»។

 

លោកបន្តថា៖ «គន្លឹះសំខាន់គឺធ្វើឱ្យបារាំងរងគ្រោះ នៅពេលយើងកាន់បាល់។ មិនមែនតែតាមស្លាបទេ ប៉ុន្តែយើងត្រូវមានភាពអត់ធ្មត់ក្នុងការកាន់បាល់ និងស្វែងរកចន្លោះវាយប្រហារទាំងកណ្តាល និងសងខាង»។

«យើងបានបង្ហាញរួចហើយថា យើងអាចបង្កការគំរាមកំហែងដល់ក្រុមណាក៏បាន ហើយនោះគឺជាគោលដៅរបស់យើង»។

 

ការប្រកួតខុសពីឆ្នាំ 2022

 

បារាំងធ្លាប់យកឈ្នះម៉ារ៉ុកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតារ។

 

ប៉ុន្តែលោក Ouahbi បាននិយាយថា៖

«ការប្រកួតនីមួយៗមានបរិបទ និងប្រវត្តិខុសគ្នា។ នេះមិនមែនជាការប្រកួតដូចឆ្នាំ 2022 ទេ»។ «ឥឡូវនេះ យើងមានក្រុមថ្មី ហើយបារាំងក៏ជាក្រុមថ្មីដែរ។ ក្រុមទាំងពីរមានការរីកចម្រើនជាងមុន ដែលជារឿងធម្មតា ព្រោះប្រទេសទាំងពីរបានអភិវឌ្ឍបាល់ទាត់យ៉ាងល្អ»។

 

គោលដៅមិនមែនត្រឹមវគ្គ 8 ក្រុម

 

នៅពេលអ្នកសារព័ត៌មានលើកឡើងថា ការឡើងមកដល់វគ្គ 8 ក្រុមចុងក្រោយគឺជាជោគជ័យដ៏ធំសម្រាប់ម៉ារ៉ុក លោក Ouahbi បានឆ្លើយតបថា៖

...

«ខ្ញុំតែងតែនិយាយថា យើងនឹងវាយតម្លៃលទ្ធផលនៅចុងបញ្ចប់នៃការប្រកួត។ យើងមិនស្តាប់អ្នកដែលនិយាយថា ‘អ្វីដែលអ្នកធ្វើមកដល់ពេលនេះគឺអស្ចារ្យហើយ’ នោះទេ»។ «បារាំងអាចជាក្រុមដែលគេមើលឃើញថាមានប្រៀប ប៉ុន្តែយើងនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះ។ ការមកដល់វគ្គនេះមិនមែនជារង្វាន់បន្ថែមទេ។ រង្វាន់ពិតប្រាកដ គឺការឈ្នះពាន World Cup៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print