ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ សរុប០២ករណី ។
ករណីដែលបានបង្ក្រាបរួមមាន អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចដែក) នៅអគារកាស៊ីណូជីនប៉ី៤ និងករណីជួញដូរ ព្រមទាំងកាន់កាប់រក្សាអាវុធដោយគ្មានការអនុញ្ញាត (អាវុធខ្លី) ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ ក្នុងនោះជនជាតិខ្មែរ០១នាក់ និងជនជាតិចិន០២នាក់ ។ វត្ថុតាងដែលដកហូតបានរួមមាន អាវុធខ្លីម៉ាក K59 ចំនួន០១ដើម បង់០១ គ្រាប់កាំភ្លើងសរុប ១៥គ្រាប់ ដែកចំនួន០៧ដើម ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ០១គ្រឿង ព្រមទាំងទូរស័ព្ទដៃ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕
ដោយ៖ សុរិយា










