ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Jarell Quansah ត្រូវបាន FIFA ពិន័យហាមមិនឱ្យលេង ២ ប្រកួត បន្ទាប់ពីទទួលកាតក្រហមក្នុងការប្រកួតដែលអង់គ្លេសយកឈ្នះម៉ិកស៊ិក 3-2។
Quansah ត្រូវបានបណ្តេញចេញពីទីលាននៅ នាទីទី៥៤ បន្ទាប់ពីបង្កកំហុសដោយលើកជើងខ្ពស់ទៅលើកីឡាករ Jesus Gallardo។
FIFA បានចាត់ទុកកំហុសនេះថាជា ការបង្កកំហុសធ្ងន់ធ្ងរ ដូច្នេះគណៈកម្មាធិការវិន័យបានបន្ថែមការពិន័យ ១ប្រកួតទៀត លើការពិន័យស្វ័យប្រវត្តិ ១ ប្រកួត។
នឹងអវត្តមានពីរប្រកួតសំខាន់
កីឡាករវ័យ ២៣ ឆ្នាំ ដែលធ្លាប់លេងឱ្យ Liverpool និងបច្ចុប្បន្ននៅ Bayer Leverkusen នឹងខកខាន៖
វគ្គ ៨ ក្រុមចុងក្រោយ ជាមួយ ន័រវេស
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ប្រសិនបើអង់គ្លេសឡើងទៅជួប អាហ្សង់ទីន ឬ ស្វ៊ីស)
ប៉ុន្តែគេនឹងអាចត្រឡប់មកវិញ ប្រសិនបើអង់គ្លេសឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៩ កក្កដា ក្នុងទីក្រុង New Jersey។
សមាគមបាល់ទាត់អង់គ្លេសមិនអាចប្តឹងឧទ្ធរណ៍បាន
សមាគមបាល់ទាត់អង់គ្លេស (FA) បានពិចារណាអំពីការប្តឹងឧទ្ធរណ៍ ប៉ុន្តែតាមបទប្បញ្ញត្តិរបស់ការប្រកួត មិនមានផ្លូវច្បាប់សម្រាប់ប្តឹងជំទាស់ការពិន័យនេះទេ។
ទោះជាយ៉ាងណា BBC Sport បានរាយការណ៍ថា FA បានបង្ហាញការមិនពេញចិត្តទៅកាន់ FIFA ដោយអះអាងថា៖ អាជ្ញាកណ្តាលត្រូវបានបង្ហាញ រូបភាពស្ងៀម និង វីដេអូ Slow Motion មុន ហើយទើបបង្ហាញវីដេអូក្នុងល្បឿនធម្មតា ដែល FA ជឿថា វាអាចបង្កឱ្យមាន ឬការសម្រេចចិត្តដែលរងឥទ្ធិពលពីរូបភាពយឺត។
នៅក្នុង Premier League អាជ្ញាកណ្តាលតែងតែត្រូវបានបង្ហាញវីដេអូក្នុងល្បឿនធម្មតាជាមុនសិន។
Tuchel ប្រឈមបញ្ហាខ្សែការពារស្តាំ
ការពិន័យនេះធ្វើឱ្យគ្រូបង្វឹក Thomas Tuchel មានបញ្ហាក្នុងការរៀបចំខ្សែការពារស្តាំ។
Quansah បានជំនួស Reece James ដែលរងរបួស ខណៈ Djed Spence ទើបតែជាសះស្បើយពីបញ្ហាកាយសម្បទាតូចមួយ។
ទោះជាយ៉ាងណាលោក Tuchel បានបញ្ជាក់ថា Reece James ទំនងជាអាចចូលលេងទល់នឹងន័រវេសបាន បន្ទាប់ពីជាសះស្បើយពីរបួសសរសៃសាច់ដុំភ្លៅ (Hamstring)។
ប្រតិកម្មពីក្រុមអង់គ្លេស
ជំនួយការគ្រូបង្វឹក Anthony Barry បាននិយាយថា៖«វាពិតជាគួរឱ្យសោកស្តាយ មិនមែនដោយសារការសម្រេចចិត្តទេ ប៉ុន្តែដោយសារយើងបាត់បង់កីឡាករល្អម្នាក់។»
លោកបន្ថែមថា៖ «Jarell ហ្វឹកហាត់បានល្អណាស់ ហើយដោយសារយើងមានបញ្ហារបួសនៅតំណែងនោះ គេមានឱកាសបង្ហាញខ្លួន។ ប៉ុន្តែការសម្រេចចិត្តបានចេញហើយ យើងនឹងមិនខ្ជះខ្ជាយថាមពលលើរឿងនេះទៀតទេ។ យើងត្រូវតែបន្តទៅមុខ។»
ខ្សែបម្រើស្លាប Bukayo Saka ក៏បាននិយាយថា៖ «វាពិតជាគួរឱ្យខកចិត្តណាស់ សម្រាប់ក្រុម និងសម្រាប់គាត់។ ប៉ុន្តែយើងមិនមកទីនេះដើម្បីត្អូញត្អែរទេ យើងមកដើម្បីសម្របខ្លួន និងរៀបចំក្រុមឱ្យត្រៀមខ្លួនឈ្នះន័រវេស។»
អាជ្ញាកណ្តាលសម្រាប់ប្រកួតជាមួយន័រវេស
FIFA ក៏បានប្រកាសថា Clément Turpin អាជ្ញាកណ្តាលជនជាតិបារាំង ដែលធ្លាប់កាត់សេចក្តីក្នុងការប្រកួតដែលអង់គ្លេសឈ្នះ ក្រូអាត 4-2 នឹងធ្វើជាអាជ្ញាកណ្តាលសម្រាប់ការប្រកួតរវាង អង់គ្លេស និង ន័រវេស៕










