អតីត​ចៅហ្វាយ​ក្រុងភ្នំពេញ​ បច្ចុប្បន្ន​ជាសមាជិកសភាកម្ពុជា បានបង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

ចែករំលែក៖

យ៉ាអ៊ុនដេ (កាមេរូន)៖ ក្នុងឱកាសចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) កាលពីពេលថ្មីៗកន្លងទៅនេះ លោក កែប ជុតិមា អតីត​អភិបាល​សាលារាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៅទីក្រុងយ៉ាអ៊ុនដេ សាធារណរដ្ឋកាមេរូន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកសភាប្រមាណ ៣០រូប មកពី ២១ក្រុមសភាជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង រួមទាំងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជា ស្ថានភាពគ្រូបង្រៀនភាសាបារាំងលើសកលលោក ការអប់រំឌីជីថល ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចុះអត្រានុកូលដ្ឋាន និងការអភិរក្សខ្លឹមសារវប្បធម៌។

នាឱកាសនោះ លោក​ កែប ជុតិមា បានធ្វើបទអន្តរាគមន៍ដោយជម្រាបជូនអង្គប្រជុំអំពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក មកលើវិស័យអប់រំ និងវប្បធម៌នៅកម្ពុជា។ ក្នុងនោះ ជម្លោះប្រដាប់អាវុធបានបង្ខំឱ្យសាលារៀនតាមបណ្តោយព្រំដែនចំនួន ១,០១៧ខ្នង ត្រូវបិទទ្វារបណ្តោះអាសន្ន ដែលធ្វើឱ្យគ្រូ និងសិស្សានុសិស្សរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងបង្កើតឱ្យមានហានិភ័យនៃការបោះបង់ការសិក្សា និងជំងឺថប់អារម្មណ៍។ ជាងនេះទៅទៀត ការវាយប្រហារតាមអាកាសពីសំណាក់យោធាថៃ នាពេលនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បុរាណស្ថានចំនួន ៥៦២កន្លែង ជុំវិញតំបន់ប្រវត្តិសាស្ត្រ ជាពិសេសគឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការសិក្សាភាសាបារាំងនៅកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងអនុសាសន៍មួយចំនួនដើម្បីជំរុញជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអន្តរជាតិ។ លោក​បានបង្ហើបឱ្យដឹងថា កម្ពុជានឹងបើកដំណើរការមហាវិទ្យាល័យភាសាបារាំង ជំនាញសេដ្ឋកិច្ចនិងការគ្រប់គ្រងកម្រិតពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះ។

...

ជាទីបញ្ចប់ លោក​ប្រធានគណៈកម្មការបានប្រកាសជូនអង្គប្រជុំដោយមោទនភាពថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រុមសភាជាតិកម្ពុជានៃ APF ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៃសភាប្រើភាសាបារាំង នាខែមេសា ឆ្នាំ២០២៧ ខាងមុខផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print